(ភ្នំពេញ)៖ អង្គការ OXFAM បានសម្ដែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីបញ្ចប់យុទ្ធនាការ «១៥ថ្ងៃ ចាក់វាក់សាំងប្រឆាំងជំងឺ COVID-19 ជូនដល់មនុស្សចាស់»។

បើតាមលិខិតនៅរសៀលថ្ងៃទី២៦ ខែមីនា អង្គការអន្តរជាតិខាងលើបានលើកឡើងថា ការផ្ដល់អាទិភាពនេះ នឹងមិនត្រឹមតែបង្ហាញឲ្យឃើញពីការបេ្ដជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការចែកចាយវ៉ាក់សាំងប្រកប ដោយសមធម៌នោះទេ ប៉ុន្តែចាសបានជួយរក្សាសេដ្ឋកិច្ចកម្ពុជាឲ្យបន្តដំណើរទៅមុខ ក្នុងកាលៈទេសៈដ៏លំបាកនេះ។

នៅក្នុងលិខិតដដែលបានបន្តថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ បាននិងកំពុងប្រយុទ្ធប្រឆាំងក្នុងការសង្រ្គោះជីវិតរបស់ពួកគេ តាំងពីជំងឺ COVID-19 រាតត្បាតដំបូងម្ល៉េះ។ ពួកគេមួយចំនួនធំបានបាត់បង់ការងារ និងត្រូវតស៊ូរៀងរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារ។ ជំងឺនេះមានការរីករាលដាលពេញប្រទេស និងទូទាំងពិភពលោកនេះ បានបង្រៀនយើងឲ្យដឹងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ ដើរតួនាទីយ៉ាងសំខាន់។

ដោយពួកគេបានប្រថុយប្រថានជីវិត និងបន្តផ្ដល់ការថែទាំកូនៗរបស់ពួកយើង ដេខោអាវសម្រាប់យើង ចំអិនអាហារ ដឹកយើងទៅមន្ទីរពេទ្យ សម្អាតផ្លូវ សម្អាតលូទឹកស្អុយ ប្រមូលសម្រាម និងការងារផ្សេងៗទៀត។ បន្ថែមពីនេះពួកគេ ជួយឲ្យយើងមានសុវត្ថិភាព និងមានសុខភាពល្អ។

លិខិតរបស់អង្គការ OXFAM ដដែលបានបន្តថា នៅពេលក្រុមងាយរងគ្រោះទាំងនេះទទួលបានវ៉ាក់សាំង យើងទាំងអស់គ្នា នឹងមានសុវត្ថិភាពផងដែរ។ កម្មវិធីជំនួយវិបត្តិ COVID-19 របស់រដ្ឋាភិបាលកម្ពុជា បានចែកជូនប្រជាពលរដ្ឋចំនួន២លាន ៨សែននាក់ រហូតមកដល់ពេលនេះដោយរួមទាំងអ្នកធ្វើការជួរមុខ។

ការផ្ដល់វ៉ាក់សាំងដល់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបាន អង្គការ OXFAM យល់ឃើញថា នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាចាប់ផ្ដើមប្រសើរឡើងវិញ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូបទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រកចដោយប្រសិទ្ធភាព។ ព្រោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរួមចំណែករហូតដល់ទៅ៧០% នៃផលិតផលក្នុងស្រុកសរុប ការធ្លាក់ចុះនៃវិស័យនេះ នឹងនាំពលរដ្ឋកម្ពុជារាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ មកធ្លាក់ក្នុងសភាពងាយរងគ្រោះខ្លាំង និងពន្យារវិបត្តិសេដ្ឋកិច្ចឲ្យកាន់តែវែងឆ្ងាយច្រើនឆ្នាំទៅមុខទៀត។

បើតាមអង្គការ OXFAM កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធមានដូចជា៖ អ្នកលក់ដូរតាមផ្លូវ អ្នកបើកបរតាក់ស៊ី និងម៉ូតូកង់បី កម្មករអនាម័យ បុគ្គលិកផ្នែកសេវាកម្ម កម្មកររោងចក្រ និងអ្នកដែលមិនអាចធ្វើការពីផ្ទះបាន។ យ៉ាងណាមិញអង្គការ OXFAM មានការសង្ឃឹមថា វ៉ាក់សាំងដែលបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែមីនា នេះ នឹងផ្ដល់អាទិភាពដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាក្រុមងាយរងគ្រោះបំផុត ឲ្យទទួលបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងប្រភេទ SINOVAX ដែលជាការបញ្ជាទិញពីប្រទេសចិនចំនួន ១.៥លានដូសសម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋ។ នេះជាលើកទី៣ហើយ ដែលប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន បន្ទាប់ពីវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិន និងវ៉ាក់សាំងដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក(WHO) តាមរយៈយន្តការកូវ៉ាក់៕