(កំពត)៖ លោកឧកញ៉ា អ៉ឹង ប៊ុនហូវ ប្រធានអគ្គនាយក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងលោកស្រី ហេង សុខា បានឧបត្ថម្ភកូនឈើចំនួន ២ពាន់ដើមជូនមន្ទីរបរិស្ថានខេត្តកំពត ដើម្បីដាំនៅតំបន់នានាក្នុងខេត្តកំពត។

សេចក្តីតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានគូសបញ្ជាក់ថា ការផ្តល់ដើមឈើជូនទៅមន្ទីរបរិស្ថានខេត្តកំពត ដើម្បីចូលរួមប្រារព្ធ «ទិវាមួយម៉ោងសម្រាប់ភពផែនដី» នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដែលជាទិវាសង្គ្រោះភពផែនដី។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ការផ្តល់កូនឈើនេះ ក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន ក្នុងការការពារ និងផ្តល់ក្តីស្រឡាញ់ដល់ធម្មជាតិ ស្របតាមប្រធានបទនៃការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី គឺ «ផ្តល់ការស្រឡាញ់ដល់ធម្មជាតិ»។

កូនឈើពីរពាន់ដើមដែលផ្តល់ជូនមន្ទីរបរិស្ថានខេត្តកំពតនេះ រួមមានដើមពពាលខែ និងដើមគីនីន។ ក្រៅតែពីផ្តល់កូនឈើហើយនោះ ក្រុមហ៊ុនបានផ្តល់ទឹកបរិសុទ្ធស្ព្រីងធម្មជាតិប្រូវីដា ១០០កេសជូនមន្ទីរបរិស្ថានខេត្តកំពតផងដែរ។

សូមបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដី ត្រូវបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងលើកទឹកចិត្តឱ្យមនុស្សនៅទូទាំងសកលលោកចូលរួមធ្វើសកម្មភាពការពារធម្មជាតិ និងភពផែនដីទាំងអស់គ្នា។ ទិវាមួយនេះមានសារៈសំខាន់ក្នុងការបណ្ដុះស្មារតីឱ្យប្រជាពលរដ្ឋស្រឡាញ់ភពផែនដីតាមរយៈការដាំដើមឈើ ការបញ្ឈប់ការបំផ្លាញធនធានធម្មជាតិ ការសន្សំសំចៃ ការប្រើប្រាស់ថាមពលអគ្គិសនី ការប្រើប្រាស់សម្ភារៈដែលអាចសន្សំសំចៃថាមពលអគ្គិសនី និងការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកជាដើម។

ទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលនឹងប្រារព្ធនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ផ្តោតលើប្រធានបទ «ផ្តល់ការស្រឡាញ់ដល់ធម្មជាតិ» សំដៅលើការបញ្ជ្រៀបចំណេះដឹងអំពីអត្ថប្រយោជន៍របស់ធម្មជាតិ ហើយលើកទឹកចិត្តឱ្យមានការសន្ទនាជាទូទៅនៅលើប្រព័ន្ធឌីជីថល(អនឡាញ) អំពីសារៈសំខាន់ ក្នុងការជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា និងស្វែងយល់បន្ថែមអំពីកត្តាគំរាមកំហែងនានាដែលកំពុងកើតមានឡើងជាប្រចាំចំពោះបរិស្ថានធម្មជាតិ៕