(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលបន្ទុកផែនការងារអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនជនបរទេសចំនួន០២នាក់ ទៅកាន់នាយកដ្ឋានជំនាញអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់។

Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ជនបរទេសទាំង២នាក់នេះមានទី១៖ ឈ្មោះ Christopher James Do negan ភេទប្រុស អាយុ៥១ឆ្នាំជនជាតិអាមេរិក និងឈ្មោះ Jin Taishan ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានទទួលជនបរទេសចំនួន០២នាក់ ដែលពីរនាក់នេះទទួល ពីមណ្ឌលចត្តាឡីស័ក ស្រុកសង្កែ ក្រោយពីរូបគាត់បានធ្វើចត្តាឡីស័ករួចហើយ។

ជនបរទេសទាំង២នាក់ ម្នាក់ឈ្មោះ Jin Taishan បានទទួលពីអង្គភាពពន្ធនាគារខេត្តបាត់ដំបង បន្ទាប់ពីបុរសរូបនេះបានទទួលទោសព្រហ្មទណ្ឌនៅពន្ធនាគារខេត្ត បាត់ដំបងរួចមក។ ចំណែកឈ្មោះ Christopher Ja mes Do negan ដោយសារទិដ្ឋាការរបស់បុគ្គលម្នាក់នេះត្រូវផុត កាលបរិច្ឆេទ កំណត់។

រីឯជនបរទេសម្នាក់ទៀតឈ្មោះ Luke Daniel George ភេទប្រុស ជនជាតិអាមេរិក ដែលទិដ្ឋាការរបស់គាត់នៅមានសុពលភាពនៅឡើយ សមត្ថកិច្ចបាន អនុញ្ញាតឱ្យគាត់វិលទៅទីកន្លែងស្នាក់នៅវិញ៕