(មណ្ឌលគិរី)៖ ដើម្បីឲ្យការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុងខេត្តមណ្ឌលគិរីបានកាន់តែលឿន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានដឹកនាំមន្រ្តីជំនាញ រួមទាំងក្រុមគ្រូពេទ្យជួរមុខ ចុះត្រួតពិនិត្យ និងជ្រើសរើសយកទីតាំងនៅមណ្ឌល វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតនៅក្រុងសែនមនោរម្យ។

លោក សាយ ម៉េងគីម បានឲ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចំពោះការបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស មន្ត្រីជំនាញបានសម្រេចជ្រើសរើសយកទីតាំងវិទ្យាល័យមណ្ឌលគិរី ដែលទំនេរក្រោយសិស្សានុសិស្ស ផ្អាកការរៀនសូត្រ ដើម្បីមានទីតាំងឲ្យបានធំទូលាយ ព្រោះតែមន្ទីរពេទ្យបង្អែកខេត្ត មានទីធ្លាតូចចង្អៀត ពិបាកផ្ដល់សេវាចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ដែលអាចនឹងមានចំនួនច្រើន។

នាថ្ងៃដដែលនោះដែរ លោក ហៀក សុផាន និងមន្រ្តីជំនាញ ក៏បានចុះសួរសុខទុក្ខអ្នកជាប់ចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

នាឱកាសនោះ លោកអភិបាលក្រុងសែនមនោរម្យ បាននាំយកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អាល់កុល ម៉ាស ទឹកសុទ្ធ មី ភេសជ្ជ:បាកាស បាយកញ្ចប់ ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុន សែនមណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានចំនួន ០៦នាក់ ស្រី០២នាក់។ លោកអភិបាលក្រុង បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវប្រកាន់ខ្ជាប់ នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល៕