(កណ្ដាល)៖ បន្ទាប់ពីរកឃើញប្រជាពលរដ្ឋចំនួន៦នាក់ វិជ្ជមានជំងឺកូវីដ១៩ នៅក្រុងតាខ្មៅ, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានកោះហៅមន្ត្រីពាក់ព័ន្ធមកប្រជុំបន្ទាន់ ដើម្បីពិនិត្យការអនុវត្តការងារ និងផ្តល់ការណែនាំដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុងតាខ្មៅផងដែរ។

ស្ថិតនៅក្នុងអង្គជំនុំនេះ លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីពាក់ព័ន្ធត្រូវធ្វើការលើរឿងបន្ទាន់ ដើម្បីចាត់វិធានការភ្លាមៗ ក្នុងការកំណត់មុខសញ្ញា ស្រាវជ្រាវស្វែងរកអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមាន ជំងឺទាំង៦នាក់នេះ ដើម្បីយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល។

លោក គង់ សោភ័ណ្ឌ បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវបន្តផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់សាធារណជនឱ្យកាន់តែទូលំទូលាយ និងខ្លួនឯងផ្ទាល់ ក៏ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឱ្យអស់ពីប្រទេស៕