(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីគ្របគ្រង និងសម្របសម្រួលការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការរបស់ក្រសួង។

ក្នុងសេចក្តីសម្រេចដែល Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អនុគណៈកម្មការនេះ មានលោក ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាប្រធាន និងលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាអនុប្រធាន។

អនុគណៈកម្មការនេះមានសមាជិក ៤១រូប ដែលក្នុងនោះមានប្រធានមន្ទីរពាណិជ្ជទាំង២៥រាជធានី-ខេត្តផងដែរ។

ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា អនុគណៈកម្មការនេះមានតួនាទីដូចខាងក្រោម៖

* ចូលរួមសម្របសម្រួល គ្រប់គ្រង ដឹកនាំ ចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ដើម្បីធានាឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងពាណិជ្ជកម្មបានចាក់វ៉ាក់សាំងកូវីដ-១៩

* រៀបចំធ្វើសម្រង់ស្ថិតិ បញ្ជីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩

* រៀបចំប្រតិទិនជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសសម្រាប់ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

* តាមដាន និងរាយការណ៍វឌ្ឍនភាពការណ៍រចាក់វ៉ាក់សាំងកូវី-១៩ ជាប្រចាំថ្ងៃជូនគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទៀងទាត់

* សម្របសម្រួលកិច្ចការចាក់វ៉ាក់សាំង និងការងារពាក់ព័ន្ធ

* រៀបចំរបាយការណ៍ និងរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម - បំពេញភារកិច្ចផ្សេងៗទៀត តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង៕