(ភ្នំពេញ)៖ ព្រះរាជអាជ្ញារង លោក សៀង សុខ បានថ្លែងប្រាប់ Fresh News នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ លោកបានបញ្ចប់ការសាកសួរ មន្រ្តីយោធាដែលរងការចោទប្រកាន់ថា បានបាញ់ប្រហារទៅលើ បុរសរត់ម៉ូតូឌុបម្នាក់ នៅតាមដងផ្លូវ ប៉ុន្តែនៅមិនទាន់ការចោទប្រកាន់នៅឡើយទេ ដោយរង់ចាំការសួរនាំបន្តទៀត នៅថ្ងៃស្អែក។

លោក សៀង សុខ បានបញ្ជាក់ថា «ខ្ញុំបានសួរចប់ហើយ តែមិនទាន់សម្រេចយ៉ាងណានោះទេ ដោយរង់ចាំការសួរនាំនៅថ្ងៃស្អែកទៀត»។

សូមបញ្ជាក់ថា នៅព្រឹកមិញកម្លាំង​កងរា​ជអាវុធរាជ​ធានី​ភ្នំពេញ​ បាន​បញ្ចូន​ជនសង្ស័យ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ ហើយ​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ចំនួន​មួយ​គ្រាប់​ ដែល​ប្រព្រឹត្ត​ដោយ​​មន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់​ ទៅ​លើ​អ្នក​រត់​ម៉ូតូឌុប​ ទៅ​តុលាការ​ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិវិធី​ច្បាប់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យផ្ទុះអាវុធនេះ បានកើតឡើងនៅ​ម៉ោង​៨៖៤០នាទីយប់ ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ។

​បុរស​ជាជនរង​គ្រោះ​មាន​ឈ្មោះ​ រៀម ឃួន​ អាយុ២៦ឆ្នាំ​ ជិះ​ម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1I-2354 ​ស្ថិតតាមបណ្តោយផ្លូវ២៧១​ ក្នុងសង្កាត់ទឹកថ្លាខណ្ឌ​សែនសុខ។​ ចំណែក​ឯ​ជនសង្ស័យដែល​ជា​មន្ត្រី​យោធា​ឈ្មោះ​ អ៊ុង​ គីម​ហេង​ អាយុ​ ៣១​ ឆ្នាំ​ ជិះ​រថយន្ត​លុច្យស៊ីស​ RX330 ពណ៌​​ស្ករ​ពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-6882។

មុនពេលកើតហេតុ រថយន្តនិងម៉ូតូ បានប៉ះទង្គិចគ្នា ស្រាប់តែម្ចាស់រថយន្ត បានដកកាំភ្លើងបាញ់មួយគ្រាប់ទៅលើបុរសរត់ម៉ូតូ តែមិនត្រូវ។ ក្រោយបាញ់ប្រហារហើយ ម្ចាស់រថយន្តបានបើករថយន្តគេចខ្លួន រហូតបង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏មានប្រជាពលរដ្ឋ ជាច្រើននាក់ បើកម៉ូតូដេញតាមរហូតយកដុំថ្ម គប់ទៅលើរថយន្តបង្ក បណ្តាលឲ្យបែកកញ្ចក់ទៀតផង៕