(ភ្នំពេញ)៖ រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការបង្ហាញជំហរនេះបានធ្វើឡើង ដោយលោកស្រី ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងក្រសួងការបរទេស។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាដូច្នេះ៖ «សិង្ហបុរីបានគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (The ASEM13) ក្នុងឆ្នាំ២០២១នេះ ហើយកម្ពុជាសង្ឃឹមជឿជាក់ថា សិង្ហបុរីនឹងបន្តគាំទ្រយ៉ាងពេញលេញ នៅពេលកម្ពុជាទទួលវេនធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ ខាងមុខនេះផងដែរ»

កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយគ្រោងនឹងរៀបចំ នៅខែមិថុនានោះ ត្រូវបានលើកពេលជាលើកទី២ ដោយប្តូរកាលបរិច្ឆេទទៅរៀបចំនៅចុងឆ្នាំ២០២១នេះ។ ដើមឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣នេះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានស្នើលើកពេលម្តងរួចទៅហើយ ដោយគ្រោងនឹងរៀបចំកិច្ចប្រជុំដ៏ធំនេះ មកពាក់កណ្ដាលឆ្នាំ២០២១។

បើតាមក្រសួងការបរទេស, ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា។ ប្រមុខការទូតកម្ពុជា រំពឹងទុកថា ទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងសិង្ហបុរី រួមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នឹងត្រូវបានពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅក្នុងអាណត្តិរបស់លោកស្រី។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ចសហការពេញលេញ របស់ក្រសួងការបរទេស ដល់លោកស្រី ក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៅលើគ្រប់វិស័យ រួមមាន វិស័យអប់រំ ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បានជួយពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរឡើងជាដរាប។

លោក ប្រាក់ សុខុន បានរំលឹកផងដែរថា ឆ្នាំ២០២០ កន្លងមកនេះ គឺជាខួបលើកទី៥៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសិង្ហបុរី ដែលនៅពេលនោះ កម្ពុជា និងសិង្ហបុរី បានរៀបចំកម្មវិធី និងព្រឹត្តិការណ៍ជាច្រើន រួមទាំងព្រឹត្តិការណ៏ Street Art Fest++ ផងដែរ។ លោកក៏បានរំលឹកអំពី ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងសិង្ហបុរី ដែលក្នុងឆ្នាំ១៩៦៥ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេ ដែលបានប្រកាសទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសសិង្ហបុរី ហើយប្រទេសទាំងពីរក៏បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថា លោកស្រីមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ហើយលោកស្រី នឹងខិតខំបន្តលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បានប្រកបដោយផ្លែផ្កា ជាពិសេស វិស័យអបរំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ។ លោកស្រី ក៏បានថ្លែងអំណរគុណជាពិសេស ជូនចំពោះ លោកឧបនាយករដ្ឋមន្រ្តី ដែលបានទទួលសវនាការរបស់លោកស្រីនៅក្នុងពេលវេលានេះ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានដាក់ ចេញនូវវិធានការណ៍ដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រប់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកក៏បានជម្រាបជូនលោកស្រីផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីចាក់ វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត ជូនអ្នកការទូតបរទេស និង ក្រុមគ្រួសារ និងបុគ្គលិកបរទេសនៃអង្គការអន្តរជាតិ និងក្រុមគ្រួសារ ដែលកំពុងបំពេញភារកិច្ច និងស្នាក់នៅ ក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាក់វ៉ាកសាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃផងដែរ។

ភាគីទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តថា បើទោះបីនៅក្នុងបរិការណ៍នៃជំងឺរាតត្បាតសកលកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មទ្វេភាគី និងទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងរហូតដល់ប្រមាណ ៤០០០លានដុល្លារ នៅក្នុងឆ្នាំ២០២០។ ចំណែកឯទំហំនៃការវិនិយោគក៏បានកើនដល់ ៤៨លានដុល្លារ នៅក្នុង៩ខែដើមឆ្នាំ២០២០ ផងដែរ។ ភាគីទាំងពីរយល់ស្របគ្នាថា កម្ពុជា និងសិង្ហបុរី នៅមានសក្តានុពលសំខាន់ៗជាច្រើនទៀត ដើម្បីជំរុញ និងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យមានទំហំកើនឡើងខ្ពស់ថែមទៀត។

សម្រាប់កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាដែលកំពុងកើតឡើងនៅក្នុងតំបន់ និង អន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម ផងដែរ៕