(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន សម្រាប់មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូមល ចាប់ពីថ្ងៃសុក្រ ទី២៦ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

សេក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅលើហ្វេសបុក បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋ ក៏អាចទៅទទួលសេវាសាធារណៈនៅមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន (ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)ផងដែរ ហើយព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ៖ 1275។

សូមជម្រាបថា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលផ្សារទំនើបជីបម៉ុង «ណូរ៉ូម៉ល» ស្ថិតនៅតាមមហាវិថីព្រះនរោត្តម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក។ ការអំពាវនាវបែបនេះ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ បានចូលទៅក្នុងផ្សារទំនើបខាងលើនេះ៕