(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៨)។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច, ក្រោមស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។

នាពេលបច្ចុប្បន្ន, ប្រទេសមួយចំនួនបាន និងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងបានសម្រេចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាន និងកំពុងស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលមាន ទៅតាមតម្រូវការចាំបាច់ជាក់ស្តែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរៀងខ្លួនផងដែរ ។

យ៉ាងណាក៏ដោយ, ទោះបីជាយុទ្ធនាការនេះ បាន និងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នាអាចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន១០០% ហើយស្ថានភាពសង្គម-សេដ្ឋកិច្ច អាចវិលត្រលប់ទៅរកប្រក្រតីភាពវិញដូចមុន ក្នុងរយៈពេលដ៏ខ្លីបាននោះឡើយ ។

ជាក់ស្តែង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ជនជាតិខ្មែរមួយចំនួន ផងដែរ ។ បន្ថែមពីលើនេះ, គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំ ក៏នៅតែបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

បន្ទាប់ពីបានពិនិត្យពិច័យ និងថ្លឹងថ្លែងយ៉ាងល្អិតល្អន់លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, បន្ទុកសុខាភិបាល ស្ថានភាពពាណិជ្ជកម្ម និង វិនិយោគ ទាំងក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី ៨ ក្នុងគោលបំណង៖ (១). កាត់បន្ថយផលប៉ះពាល់ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១, (២). បន្តសុពលភាពនៃវិធានការ ដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការ អនុវត្តក្នុងពេលឆាប់ៗខាងមុខ, (៣). បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (៤). បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់៕