(ភ្នំពេញ)៖ គ្រឿងឧបភោគបរិភោគជាច្រើនត្រូវបានលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមននាំយកទៅចែកជូនដល់ប្រជាការពារ និងប្រជាពលរដ្ឋដែលខ្វះខាតជីវភាពនៅតាមលំនៅឋាន ក្នុងសង្កាត់សង្កាត់ផ្សារដើមថ្កូវ ចំនួន៦០គ្រួសារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងពេលចុះចែកស្បៀងអាហារនេះ លោក អាំង សិរីពិសិដ្ឋ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ក៏ដូចមន្ត្រីជួរមុខតាមគោលដៅចត្តាឡីស័កថា កាលៈទេសៈនេះមិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោស ឬនិន្ទារគ្នាឡើយ ផ្ទុយទៅវិញជាពេលវេលាមួយដែលត្រូវការចូលរួមពីសំណាក់ភាគីដែលពាក់ព័ន្ធ (ភាគីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ) ដើម្បីប្រយុទ្ធប្រឆំាងជាមួយសត្រូវដ៏កាចសាហាវរួមគឺកូវីដ១៩។

លោកអភិបាលរង បានស្នើអោយបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩នេះ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយអនុវត្តតាមវិធីងាយៗទៅតាមវិធានរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោក អាំង សិរីពិសិដ្ឋ ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានី និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ​របស់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់សប្បុរជន ដែលបានជួយឧបត្ថម្ភ រួមមាន៖ លោក លី ហ៊ុយ នាយកអង្គការ​ One 2 One, លោកស្រី ប៉េង សុខនីន នាយកបណ្ណាគារកម្ពុជា, កញ្ញា អាំង គីមស្រ៊ង់ (ជែលលាងដៃ៥០០ដប) និងលោក តែ ហ្សឺឌី (ម៉ាស់ ចំនួន១ម៉ឺន) ។

លោកបន្តទៀតថា កាយវិការដ៏ល្អប្រកបដោយមនុស្សធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះនិភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)នេះ។

សូមជម្រាបថា លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា អំណោយរួមមាន៖ អង្ករ ២០គីឡូក្រាម, ត្រីខ ១យួរ ១២កំប៉ុង, មី ១កេស, សណ្ដែកដី ១គីឡូក្រាម, សាប៊ូ ១ដុំ, ស្កសរ ១គីឡូក្រាម, នំកញ្ចប់ ១០កញ្ចប់, ម៉ាស់ ១ប្រអប់ និងទឹកកាល់កុល ១ដបតូច៕