(ព្រះសីហនុ)៖ អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយ សម្រាប់ដាក់ម៉ាស៉ីនធ្វើតេស្ដរកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែមីនា និងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២១។

មន្ដ្រីសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ ក្រុមអ្នកជំនាញចិន នឹងមកជួយសម្រួលការងារដំឡើងបរិក្ខារតេស្តវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកសុខាភិបាល ដែលមានការពាក់ព័ន្ធ នៅកំឡុងក្នុងដើមខែមេសា ឆ្នាំ២០២១។

បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់ប្រទេសចិន ចំណែកអគារជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

គួរជម្រាបថា តាមរយៈការបង្កើតមន្ទីរពិសោធន៍វិជ្ជសាស្រ្តនេះ នឹងផ្តល់ភាពងាយស្រួលដល់ខេត្តព្រះសីហនុ និងខេត្តដែលមានព្រំប្រទល់ជាប់គ្នា ក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយមិនចាំបាច់មករាជធានីភ្នំពេញ ដូចមុនទៀតឡើយ៕