(ភ្នំពេញ)៖ បុគ្គលដែលប្រតិដ្ឋព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ របស់ចិន ហើយយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពី «បទរារាំងដល់ការអនុវត្តវិធានការ» តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់កការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ជនសង្ស័យខាងលើមានឈ្មោះ តោ ចន្នី ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានចោទប្រកាន់ពី «បទរារាំងដល់ការអនុវត្តវិធានការ» នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីគាត់បានថតវីដេអូប្រតិដ្ឋព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងកូវីដ១៩ របស់ចិន និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។ យ៉ាងណាមិញ ក្រោយទទួលបានវីដេអូប្រតិដ្ឋ មានចេតនាញុះញង់ កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនបានតែម្ដង។

សូមជម្រាបថា ឈ្មោះ តោ ចន្នី មុខរបរបើករថយន្តដឹកទំនិញ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ និងត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធី។

«បទរារាំងដល់ការអនុវត្តវិធានការ» មានចែងក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់កការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយបញ្ញតិ្តថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕