(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការបង្គោលភ្លើងបំភ្លឺផ្លូវចំនួន១០០បង្គោល នៅមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង៣០ម៉ែត្រ ដោយចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

មហាវិថីថ្មី មួយខ្សែនេះមានបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអ៊ីអនម៉លសែនសុខ) ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការដាក់ឲ្យដំណើរការ បំភ្លឺបង្គោលភ្លើងព្រែកជាពីរខាងលើនេះ បានធ្វើឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៤ ខែមីនា នៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចំនួន១០០បង្គោល ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ក្នុងខណ្ឌឫស្សីកែវ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវខាងលើនេះ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក លោកធ្លាប់បានបញ្ជាក់ឲ្យដឹងហើយថា មហាវិថីថ្មី១ខ្សែខាងលើនេះ បានមកពីការចូលរួមពីសប្បុរជន ដែលបាននិងកំពុងអភិវឌ្ឍលំនៅដ្ឋាន នៅតាមបណ្ដោយផ្លូវនេះ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។

មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ជំហាន ដោយជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ និងបន្តពីហ្គ្រេនភ្នំពេញ រហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រ មានសួនច្បារនៅកណ្ដាល ជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។

គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាមហាវិថីខាងលើនេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ។

ក្នុងនោះ ផ្លូវសងខាង១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង២ម៉ែត្រ ផ្លូវទ្វេរទិស មាន៣គន្លង សម្រាប់រថយន្តទៅមក និង១គន្លង សម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែង៕