(ភ្នំពេញ)៖ គម្រោងតេជោភូមិ១០០ ត្រូវបានប្រកាសនៅក្នុងពិធីសម្ភោធផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើការសាកល្បងនូវវិធានបែបនវានុវត្តន៍ថ្មី ដែលព្យាយាមប្រើប្រាស់ឲ្យអស់សក្តានុពល នៃសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ធនធានមនុស្ស បច្ចេកវិទ្យា និងសម្បត្តិនានា ដែលមាននៅតាមទីតាំងនីមួយៗ ហើយប្រែក្លាយទីតាំងទាំងនោះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។

ចាប់តាំងពីការប្រកាសគម្រោងរយៈពេលជាង២ ឆ្នាំ កន្លងមកនេះ ក្រុមការងារគម្រោងតេជោភូមិ១០០ ដែលមានវេទិការសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តីជាលេខាធិការដ្ឋាន ដោយមានការគាំទ្រពីក្រុមប្រឹក្សាវប្បធម៌អាស៊ី និងការផ្តល់ប្រឹក្សាបច្ចេកទេសពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធនានា មកពីស្ថាប័នរដ្ឋាភិបាល ដៃអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងប្រជាជនមូលដ្ឋាន ក្នុងការរៀបចំទស្សនទានគម្រោង និងបានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ក្នុងការជ្រើសរើសទីតាំង ១០០ កន្លែង ក្នុងខេត្ត-ក្រុងទាំង ២៥ សម្រាប់ការអនុវត្តគម្រោង។

នាពេលបច្ចុប្បន្ន គម្រោងតេជោភូមិ១០០ ទទួលបានជំនួយឥតសំណងចំនួន ៣លានដុល្លារសហរដ្ឋអាមេរិចពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB-អេឌីប៊ី) សម្រាប់អនុវត្តគម្រោងសាកល្បងស្ថារវិស័យទេសចរណ៍វប្បធម៌ដោយសហគមន៍ក្រោយជម្ងឺកូវីដ១៩ នៅទីតាំងដែលមានសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្រ្តវប្បធម៌ដ៏វិសេសវិសាលចំនួនពីរកន្លែង គឺប្រាសាទភ្នំដារ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ និងប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រៅពីគម្រោងគាំទ្រដោយធនាគារអេឌីប៊ី គម្រោងតេជោភូមិ១០០ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់រដ្ឋាភិបាលហុងគ្រី លើសំណើគម្រោងមួយចំនួន រួមមាន គម្រោងចិញ្ចឹមគោយកសាច់ គម្រោងផ្គត់ផ្គង់ទឹកស្អាត គម្រោងប្រជាជនអេឡិចត្រូនិច គម្រោងអភិរក្សប្រាសាទកោះកែរ និងគម្រោងគ្រប់គ្រងទេសចរណ៍ទន្លេមេគង្គ។

ទន្ទឹមនឹងនេះ ក្រុមការងារគម្រោងក៏បានពិភាក្សាជាមួយប្រទេសជប៉ុន ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី សាធារដ្ឋកូរ៉េ និងស្ថាប័នសហប្រជាជាតិ ដូចជាអង្គការយូណេស្កូ និងអង្គការយូណុប ដើម្បីកៀគរធនធានបន្ថែម សម្រាប់ការអនុវត្តគម្រោង។

ដោយមានការយកចិត្តទុកខ្ពស់ចំពោះគម្រោងតេជោភូមិ១០០ នាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួល និងអនុវត្តគម្រោងតេជោភូមិ១០០ ដោយមានឧបនាយករដ្ឋមន្រ្តី ឯកឧត្តម យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្ថារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាប្រធានគណៈកម្មាធិការ និងមានសមាជិកភាពមកពីក្រសួងចំនួន ១៤ ក្រុមប្រឹក្សាវប្បធម៌អាស៊ី អាជ្ញាធរថ្នាក់ក្រោមជាតិទាំង ២៥ ខេត្ត-ក្រុង និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ គណៈកម្មាធិការនេះមានវេទិការសម្ព័ន្ធសង្គមស៊ីវិលជាលេខាធិការដ្ឋាន។

នាពេលអនាគត គណៈកម្មាធិការអន្តរក្រសួងនេះនឹងបន្តរៀបចំឯកសារផែនការមេរបស់គម្រោង ដោយមានផែនការសកម្មភាពលម្អិត សម្រាប់ទីតាំងភូមិនីមួយៗ។