(ព្រៃវែង)៖ លោកឧកញ៉ា ប៊ុត ចាន់ធូ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ រៀបចំក្រុងពាលីសាងសង់ស្ពានមួយខ្សែ ដែលមានប្រវែង ១៣២ ម៉ែត្រ ទទឹង ៥ ម៉ែត្រកន្លះ ដែលតភ្ជាប់ពី ឃុំរការ ទៅឃុំរាប សម្រាប់ទុកជាប្រយោជន៍រួម ដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងស្រុកពារាំង ក៏ដូចជានៅក្នុងឃុំទាំងពីរនេះ បង្កលក្ខណៈងាយស្រួលក្នុងការឆ្លងកាត់ទៅវិញទៅមក។

លោកឧកញ៉ាបានលើកឡើងផងដែរថា សមិទ្ធផលទាំងនេះ កើតចេញពីកត្តាសន្តិភាពក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រព័ន្ធធារាសាស្រ្តគ្រប់ទីកន្លែង។ ស្ពាននេះ នឹងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ នៅតាមទីជនបទងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូន នូវកសិផល កសិកម្ម និងល្អប្រសើរ ជាទីបំផុត។
ជាក់ស្ដែង នៅក្នុងស្រុកពារាំងនេះ មានក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានមកវិនិយោគ ដែលទាំងនេះ គឺជាផ្នែកមួយសម្រាប់បង្កើតនូវការងារដល់ប្រជាពលរដ្ឋ ដែលគាត់រស់នៅក្នុងស្រុកភូមិឃុំនេះ ក៏ដូចជាបង្កើននូវអចលនទ្រព្យរបស់គាត់បានថ្លៃ នោះផងដែរ។

ក្នុងនោះលោកឧកញ៉ា ក៏មានគម្រោងអចលនទ្រព្យ នៅលើផ្ទៃដីទំហំប្រមាណជាង ៧ ហិកតា ដែលក្នុងគម្រោងនេះក៏មានការ សាងសង់សំណង់ ហេដ្ឋារចនាសម័្ពន្ធផ្សេងៗ ដូចជា៖ ផ្សារ ,សួនកុមារ, សួនកម្សាន្ត, សណ្ឋាគារ, ផ្ទះល្វែង, ភោជនីយដ្ឋាន, ហាងកាហ្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត នៅស្រុកពារាំងនេះ ដើម្បីពង្រីកសេដ្ឋកិច្ចប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលនៅក្នុងស្រុកពារាំង បន្ទាប់ពីធ្វើស្រែចំការគាត់ក៏អាចមកធ្វើជាកម្មករនៅទីនេះ ដើម្បីទទួលបាននូវប្រាក់ចំណូលបន្ថែមទៀតផងដែរ៕