(ភ្នំពេញ)៖ គណបក្សកុម្មុយនិស្តចិន បានសម្រេចបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣,០០០ដូស ជូនដល់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ស្ថានទូតចិនប្រចាំកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

សេចក្តីជូនដំណឹងរបស់ស្ថានទូតចិន បញ្ជាក់ដូច្នេះថា៖ «ដើម្បីបន្តលើកកម្ពស់ចំណងមិត្តភាពបន្ថែមទៀត រវាងគណបក្សកុម្មុយនិស្តចិន និងគណបក្ស នៃប្រជាជនកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងវិបត្តិជំងឺកូវីដ-១៩ នាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកុម្មុយនិស្តចិន បានសម្រេចបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣,០០០ដូស ទៅកាន់គណបក្សហ៊្វុនស៊ិនប៉ិច»

សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា «ចំនួនវ៉ាក់សាំងនេះ នឹងបានមកពីក្នុងជំនួយវ៉ាក់សាំងកូវីដ-១៩ កញ្ចប់ទី២ ដែលប្រទេសចិនបរិច្ចាគឱ្យទៅកម្ពុជា។ ដូច្នេះ សូមគណបក្សហ្វ៊ុនស៊ិនប៉ិច ចាត់តាំងបុគ្គលសម្រាប់ការទាក់ទង ហើយរៀបចំដំណើរការទទួលយកវ៉ាក់សាំង ជាមួយក្រសួងសុខាភិបាល របស់ព្រះរាជាណាចក្រកម្ពុជា»

លោក ផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមីនានេះថា ការសម្រេចផ្តល់ជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកគណបក្សហ្វ៊ុនស៊ិនប៉ិច នាពេលនេះ គឺដើម្បីបន្តលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រមទាំងគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានបន្តថា សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ នឹងមកដល់កម្ពុជា ជាមួយវ៉ាក់សាំងដែលរដ្ឋាភិបាលចិន ផ្តល់ដល់រដ្ឋាភិបាលកម្ពុជា នៅក្នុងដំណាក់កាលទី២ ខណៈប្រភេទវ៉ាក់សាំងដែលទាំង៣០០០ដូសនេះ មិនទាន់ស្គាល់ប្រភេទនៅឡើយទេ។

ក្នុងនាមគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ផាន់ សិទ្ធី សូមថ្លែងអំណរគុណដល់គណបក្សកុម្មុយនិស្តចិន ដែលយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីចាក់ជូនសមាជិក សមាជិកា គណបក្សបន្ថែមលើវ៉ាក់សាំងដែលរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូន៕