(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ជាឲ្យនគរបាល សហការជាមួយមន្រ្តីរបស់ក្រសួងសេដ្ឋកិច្ច និងមន្រ្តីអាវុធ​ហត្ថចុះស្រាវជ្រាវស្វែង​រកប្រភពដើម ដែលនាំចូលម៉ាស៊ីនហ្គេម ដើម្បីមានវិធានការ បន្តទៀត។

លោកឧត្តមសេនីយ៍ អ៊ុំ អមរ៉ា ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានប្រាប់​អង្គភាព Fresh News នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះថា «លោកអភិបាលខេត្ត បានបញ្ជាឲ្យកម្លាំងយើង សហការជាមួយមន្រ្តីមកពីក្រសួងសេដ្ឋកិច្ច ចុះទៅពិនិត្យ​ម៉ាស៊ីន​ហ្គេមទាំងនេះ ដែលរក្សាទុក នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត សហការជាមួយមន្រ្តីអាវុធហត្ថ ដើម្បីរកឲ្យឃើញថា ម៉ាស៊ីនហ្គេមទាំងនេះ យកចេញពីណា ដើម្បីយើង​មានចំណាត់ការតាមនីតិវិធីបន្តទៀត»

បើតាមស្នងការរងនគរបាលរូបនេះ ក្រោយការត្រួតពិនិត្យយើងបានដឹងហើយថា ម៉ាស៊ីនហ្គេមទាំងនេះត្រូវបាននាំចេញពីប្រភពណានោះ ប៉ុន្តែរង់ចាំការសម្រេចពីថ្នាក់លើពាក់ព័ន្ធ ដើម្បីឈានទៅដល់​ការចាត់ការបន្តទៀត។ សូមបញ្ជាក់ថា អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៦ បញ្ជាកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ ចុះទៅបង្ក្រាបទីតាំងកាស៊ីណូ អត់ច្បាប់មួយកន្លែងទើបបើកដំណើរការបានមួយភ្លែត ស្ថិតនៅក្នុងបុរីប្រិមប្រិយ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរ៉ា បានប្រាប់ថា «ក្រោយចុះបង្ក្រាបកម្លាំងរបស់យើង​ក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្ត បានឃាត់មនុស្ស១៤នាក់ មានស្រី៥នាក់ រួមទាំងមេការម្នាក់ ព្រមទាំងឧបករណ៍​សម្រាប់លេងល្បែង​ស៊ីសងជាច្រើន​ផងដែរ»។ សម្រាប់ប្រតិបតិ្តការចុះបង្ក្រាបទីតាំងហ្គេមមួយនេះ គេសង្កេតឃើញថា មានកិច្ចសហការគ្នាយ៉ាងល្អរវាងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្ត លោក ឃឹម​ ប៊ុនសុង រហូតឈានទៅដល់ការស្រាវជ្រាវស្វែងរកប្រភពបន្តទៀត។

លោកស្នងការរង បានបញ្ជាក់បន្ថែមថា «នេះជាកន្លែងបើកល្បែងស៊ីសងដ៏ធំ ដែលយើងអាចហៅថា ជាកាស៊ីណូ អត់ច្បាប់មួយ ស្ថិតនៅអតីតហាងម៉ាស្សា វាយបញ្ចូលគ្នា៥ល្វែង»។ លោក អ៊ុំ អមរ៉ា បានបន្តថា ចំពោះទីតាំងល្បែងស៊ីសងមួយនេះ ក្រោយទទួលបានព័ត៌មានជំនាញមកនោះ លោកអភិបាលខេត្ត បានបញ្ជាឲ្យលោកដឹកនាំកម្លាំង ចុះស៊ើបអង្តេត និងតាមដានស្រាវជ្រាវ ហើយ​នៅពេល​បើកដំណើរការ មានភស្តុតាងនោះ គឺយើងចូលបង្ក្រាបតែម្តង។

ក្រោយការឃ្លាំមើល នារយៈពេលប្រមាណជិតមួយអាទិត្យនេះ តាំងពីថ្ងៃពួកគេដឹកសម្ភារៈចូល រហូតយប់ថ្ងៃនោះ ពួកគេបានបើក​ដំណើរថ្ងៃដំបូង ក៏យើងចុះបង្ក្រាបតែម្តង ដោយសហការគ្នារវាងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ។ ក្រោយការចុះបង្ក្រាប និងចាប់ខ្លួនមនុស្សទាំង១៤នាក់រួចមក ពួកគេ និងវត្ថុតាងរួមមាន បៀរបាក់​ការ៉ាត់៤ បៀរសន្លឹក ១០កេស ទូហ្គេម ២៨គ្រឿង និងទូហ្គេមបាញ់ត្រី៣គ្រឿង រ៉ូឡិច ១គ្រឿង កុំព្យូទ័រ ២គ្រឿង កាមេរ៉ា ៥គ្រឿង រួមនិងសំភារៈផ្សេងៗ មួយចំនួនថែមទៀត ដែលត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋាន​អាវុធហត្ថខេត្តសៀមរាប​ដើម្បីចាត់ការតាមនីតិវិធី​៕