(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា លោកបានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាកងទ័ពអាវសជួរមុខ ដែលខិតខំចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទាំងអស់ ដែលបានបំពេញការងារទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពយកសំណាក និងជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ជាដើម។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា ក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ៕