(ភ្នំពេញ)៖ បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងរួចរាល់នោះ បុគ្គលដែលប្រឌិតព័ត៌មានពាក់ព័ន្ធវ៉ាក់សាំងនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

គួរជម្រាបថា បុគ្គលរូបនេះឈ្មោះ តោ ចន្នី មុខរបរបើករថយន្តដឹកទំនិញរស់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ទាក់ទងទៅនឹងការផ្សាយព័ត៌មានមិនពិតលើការចាក់វ៉ាក់សាំងកូវីដ១៩។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តទៀតថា បន្ទាប់ពីឃើញវីដេអូផុសមានលក្ខណ:ញុះញ៉ង់ និងផ្សាយខុសពីការពិតទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩ នៅលើបណ្តាញសង្គម TikTok ភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានបំពុលសង្គមម្នាក់នេះឲ្យបាន ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់។

លោកបន្តទៀតថា «ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបុរសរូបនេះ បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការការសាកសួរបន្ថែម និងក៏សាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់»។

ការចាប់ខ្លួននេះបានធ្វើឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈជននេះកំពុងបើកឡានចូលមករាជធានីភ្នំពេញ។

សូមជំរាបថា បុគ្គលរូបនេះបានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។ យ៉ាងណាមិញ ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះ កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនបានតែម្ដង៕