(ព្រៃវែង)៖ រយៈពេល៨ថ្ងៃមកនេះ ពោលគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មានសត្វស្លាបនៅតំបន់ទួលពាន់តាឡី ខេត្តព្រៃវែង ប្រមាណ ៦០០ក្បាល បានងាប់ជាបន្តបន្ទាប់ ខណៈមន្ត្រីជំនាញមិនទាន់បញ្ជាក់ពីមូលហេតុនៃការងាប់នេះនៅឡើយទេ។

តំបន់ទេសចរណ៍សត្វស្លាបទួលពាន់តាឡី ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានផ្ទៃដី ៨២ហិកតា ហ៊ុព័ទ្ធដោយព្រៃលិចទឹក ដែលមានសត្វរាប់ម៉ឺនក្បាល កំពុងរស់នៅទីនោះយ៉ាងសុខក្សេមក្សាន្ត។

លោក ពុត បូ ប្រធានសហគមន៍ទេសចរណ៍ ទួលពាន់តាឡី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង ឱ្យដឹងយ៉ាងដូច្នេះថា៖ «សត្វស្លាបនៅតំបន់ទួលពាន់តាឡី កំពុងតែងាប់ជាបន្តបន្ទាប់ គឺមានសត្វននៀលខ្យង បានងាប់ច្រើនជាងគេគិតថ្ងៃ២៥ ខែមីនានេះ មានសត្វងាប់ប្រមាណជាង ៦០០ក្បាលហើយ។ ចំពោះមូលហេតុវិញ គឺរង់ចាំប្រកាសរបស់នាយកដ្ឋានបសុពេទ្យនៃក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ទើបដឹងពិតប្រាកដ»។

លោកបានបន្តថា តាមការសន្និដ្ឋានរបស់លោក គឺសត្វទាំងនោះងាប់ដោយសារសត្វទាំងអស់នោះ ហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែដែលសត្វទាំងអស់នេះ តែងតែទៅរកចំណីអាហារនៅទីនោះ ហើយស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឱ្យពុលស្លាប់ និងមួយទៀតអាចមកពីអាកាសធាតុប្រែប្រួល (ក្តៅខ្លាំង) និងចំណីមិនគ្រប់គ្រាន់។

បើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីវិទ្យាស្ថានស្រាវជ្រាវ (ផ្នែកមន្ទីរពិសោធន៍) សុខភាពសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង រួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍, អភិបាលស្រុកបាភ្នំនិងការិយាល័យពាក់ពន្ឋ័ស្រុក អង្គការថែរក្សាសត្វព្រៃ WCS រួមជាមួយកំលាំងកងរាជអាវុធហត្ថស្រុក លោកមេឃុំ នឹងប្រជាសហគមន៍ បានចូលរួមចុះប្រមូលយកសំណាកវត្ថុវិភាគបន្ថែម នៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ ដើម្បីធ្វើការវិភាគស្រាវជ្រាវបន្ត និងប្រមូលសត្វងាប់ ដើម្បីអនុវត្តវិធានការដុតកំទេចចោល និងបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងនោះបានមួយចំនួន។

លោកបានបន្តថា ក្នុងនោះអាជ្ញាធរស្រុកបាភ្នំ បានចាត់វិធានការបិទតំបន់នោះជាបណ្តោះអាសន្ន ហាមមិនឱ្យមានប្រជាពលរដ្ឋ និងអ្នកទស្សនាសត្វ ស្លាបចូលទៅទីនោះ ក្នុងគោលបំណងដើម្បីបង្ការនូវហានីភ័យខ្លាចមានបញ្ហាជំងឺឆ្លងពីសត្វទៅមនុស្ស ជាពិសេសដូចជាជំងឺផ្តាសសាយបក្សីជាដើម និងដើម្បីរងចាំការណែពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការបន្ត ក្នុងខណៈនោះផ្នែកជំនាញសុខភាពសត្វ និងផលិតកម្មសត្វបានផ្តល់ជូននូវសម្ភារមួយចំនួនមានថ្នាំបាញ់សម្លាប់មេរោគ អាវពាក់ការពារសុវត្ថិភាព ស្រោមដៃ ម៉ាស ដល់សហគមន៍ ដើម្បីប្រើប្រាស់ការពារក្នុងពេលប្រមូលយកសត្វងាប់ដុតកម្ទេចចោលផងដែរ។

លោក អ៊ុក សំណាង បានបន្ថែមថា ដើម្បីសុវត្ថិភាពសុខភាពដល់ប្រជាពលរដ្ឋទាំងអស់សូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាកុំប៉ះពាល់សត្វឈឺ ឬសត្វងាប់ទាំងនោះឱ្យសោះ និងសូមបញ្ឈប់ការយកសត្វឈឺ ឬងាប់ ទៅទទួលទានជាដាច់ខាត។

ទោះបីយ៉ាងណារហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ សត្វស្លាបនៅតំបន់ទួលពាន់តាឡី មានសត្វស្លាបងាប់ជាបន្តបន្ទាប់ ហើយលទ្ធផលសំណាក ដែលយកទៅពិនិត្យនៅនាយកដ្ឋានបសុពេទ្យ នៃក្រសួងកសិកម្ម មិនទាន់ដឹងលទ្ធផលនៅឡើយទេថា តើបណ្ដាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដ បានជាមានសត្វទាំងនោះងាប់ជាបន្តបន្ទាប់យ៉ាងដូច្នេះ៕