(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន តាមរយៈអង្គភាពព័ត៌មាន Fresh News បានអំពាវនាវជាបន្ទាន់មួយទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាអ្នកបានចូលពិនិត្យ និងព្យាបាលជំងឺចាប់ពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីលេចចេញរោគសញ្ញាក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ប្រញាប់មកយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកមេរោគកូវីដ១៩។

ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងបន្ទាប់ពីលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ដែលទើបរកឃើញកើតជំងឺកូវីដ១៩នោះ កាលពីថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ។ បើតាមលោក វ៉ា ថន ក្នុងដំណើរទៅកាន់ខេត្តក្រចេះនេះ លោក វ៉ាន់ ណាក្រូ បានចូលពិនិត្យជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស ខណៈដែលភរិយារបស់លោកបានចូលក្នុងផ្សារក្រចេះផងដែរ។

ជាជំហ៊ានបឋមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនៅក្នុងខេត្តនេះ លោក វ៉ា ថន បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាពស ហើយបានចាត់ចែងធ្វើចត្តាឡីស័កក្រុមគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរសម្រាកព្យាបាលនេះផងដែរ។

តែដើម្បីឱ្យប្រាកដថាជំងឺមិនបានរីកសាយភាយខ្លាំង លោកអភិបាលខេត្តដែលកំពុងដឹកនាំចាត់ចែងការងារនេះទាំងយប់នោះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ដែលបានដឹងថា ខ្លួនបានជួបដោយផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាភរិយារបស់លោកនោះ សូមប្រញាប់ទាក់ទងអាជ្ញាធរ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបានចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស នៅថ្ងៃទី២២ ខែមីនា ធ្វើចត្តាឡីស័កផងដែរ។ បន្ថែមពីលើនោះ បើមានលេចចេញរោគសញ្ញាពាក់ព័ន្ធជំងឺកូវីដ១៩ សូមប្រញាប់មកតេស្តសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

លោក វ៉ា ថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអាជីវករលក់ដូរនៅក្នុងផ្សារក្រចេះ ដោយត្រូវប្រកាន់វិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ ឱ្យបានញឹកញាប់៕