(ប៉ៃលិន)៖ ខណៈដែលក្រុមការងារត្រៀមសាងសង់អគារថ្មីបន្ថែមនៅផ្សារសាមគ្គី ឬផ្សារប៉ាហ៊ីនោះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យមើលសណ្តាប់ធ្នាប់ ការសាងសង់អគារថ្មីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករក្នុងការប្រកបអាជីវកម្ម ប្រកបដោយរបៀបរៀបរយ មានសោភ័ណភាពល្អ។

ក្នុងឱកាសនោះ លោកស្រីបានណែនាំដល់ប្រធានផ្សារថា អគារដែលនឹងសាងសង់ ត្រូវមានគុណភាពល្អ មានសោភ័ណភាពទាក់ទាញ មានកន្លែងជ្រកម្លប់ មានចំណតរថយន្តត្រឹមត្រូវ និងមិនត្រូវយកភាស៊ីចំពោះអ្នកលក់ដូរបន្លែ ត្រី សាច់ តិចតួចតាមកញ្ច្រែងឡើយ។

លោកស្រីអភិបាលក៏បានផ្តាំផ្ញើដល់អាជីវករទាំងអស់ ត្រូវរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានល្អ ពិសេសត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុល ពេលកំពុងលក់ដូរ និងមិនត្រូវរំលោភចំណីផ្លូវធ្វើជាកន្លែងលក់ដូរឡើយ។

លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕