(ហ្សឺណែវ)៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន ក្នុងបទអន្តរាគមន៍របស់ខ្លួន បានសើចចម្អកដល់ហ្វាំងឡង់ ដែលទើបបិទប្រទេស និងដាក់ប្រទេសក្នុងភាពអាសន្ន បែរជាមកនិយាយរឿងសិទ្ធិមនុស្សនៅកម្ពុជាទៅវិញ។

នេះបើយោងតាមបទអន្តរាគមន៍របស់ លោក អាន សុខខឿន នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី កិច្ចសហប្រតិបត្តិការបចេ្ចកទេស «សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នាទីក្រុងហ្សឺណែវ។

តាមរយៈបទអន្តរាគមន៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននោះ លោក អាន សុខខឿន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ជារឿងគួរឱ្យអស់សំណើច ដែលហ្វាំងឡង់ទើបប្រកាសបិទប្រទេស និងដាក់ប្រទេសក្នុងភាពអាសន្ន ធ្វើឱ្យមានការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួន នាពេលថ្មីៗនេះ បែរជាមកទាមទារឱ្យកម្ពុជា គោរពសិទ្ធិពលរដ្ឋ និងនយោបាយ ជាងសិទ្ធិដទៃទៀត»

ក្នុងបទអន្តរាគមន៍ដែល គណៈប្រតិភូកម្ពុជា ក៏បានកត់សម្គាល់ដោយការខកចិត្តយ៉ាងខ្លាំង ចំពោះគណៈប្រតិភូហ្វាំងឡង់ ដែលបានបដិសេធមិនប្រកាន់យកវិធីសាស្រ្តប្រកបដោយភាពសត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម នៅពេលវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

គណៈប្រតិភូកម្ពុជា បានចាត់ទុកទង្វើរបស់គណៈប្រតិភូហ្វាំងឡង់ គឺងាកចេញពីគន្លងនៃវិធីសាស្ត្ររបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ គូតែរ៉េស ដែលធ្លាប់បានគូសបញ្ជាក់ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ថា «សិទ្ធិមនុស្សមិនត្រូវក្លាយជាមធ្យោបាយ ដើម្បីអនុវត្តស្ដង់ដារពីរ ឬជាឧបករណ៍ ដើម្បីសម្រេចរបៀបវារៈលាក់ពុតណាមួយឡើយ»។ លើសពីនេះ សេចក្ដីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិក៏បានបញ្ជាក់ដែរថា សិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងសិទ្ធិទទួលបានការអភិវឌ្ឍ ត្រូវបានចាត់ទុកថា មានតម្លៃស្មើគ្នា ឈរលើជំហរតែមួយ និងមានសារៈសំខាន់ដូចៗគ្នា។

បើតាមគណៈប្រតិភូកម្ពុជា, ការអំពាវនាវឱ្យកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការមិនអើពើ របស់ហ្វាំងឡង់ចំពោះការពិតនៅកម្ពុជា។ វត្តមានជិតបីទសវត្សរ៍នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលបច្ចុប្បន្ននេះ ក្លាយជាការិយាល័យវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដោយបើកចំហ និងស្ថាបនារបស់កម្ពុជា ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ កាលពីខែធ្នូ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានបន្តសុពលភាពអនុស្សរណៈយោគយល់ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រការនេះស្ដែងឱ្យឃើញយ៉ាងច្បាស់នូវការបេ្ដជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សគ្រប់ប្រភេទ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស។

លោក អាន សុខខឿន តំណាងគណៈប្រតិភូកម្ពុជា បានលើកឡើងបន្តថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ ដោយសភាទាំងពីរថ្នាក់របស់កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រភាព។ លោកបន្ថែមថា ច្បាប់នេះពុំមានគោលបំណងដាក់ទោសទណ្ឌលើបុគ្គលណាម្នាក់នោះទេ ផ្ទុយទៅវិញច្បាប់នេះមានគោលបំណងការពារអាយុជីវិត និងលើកទឹកចិត្តពលរដ្ឋគ្រប់រូបឱ្យចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចប្រឹងប្រែងធានាសុវត្ថិភាពសុខភាពសាធារណៈ និងអាយុជីវិតដ៏មានតម្លៃរបស់ពលរដ្ឋ។ ដូចក្នុងបណ្ដាប្រទេសលោកខាងលិចដែរ វិធានការទាំងនោះនឹងត្រូវអនុវត្តចំពោះតែបុគ្គលទាំងឡាយណាដែលបំពានច្បាប់ បង្កឱ្យមានការចម្លងជំងឺរាតត្បាតចូលក្នុងសហគមន៍ប៉ុណ្ណោះ ដោយផ្អែកលើប្រភេទបទល្មើស និងចេតនាក្នុងការប្រព្រឹត្ត ។

លោក អាន សុខខឿន បានថ្លែងទៀតថា មានតែពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធិខ្ពស់បំផុតក្នុងការវាយតម្លៃពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា។ សិទ្ធិអំណាចរបស់ពលរដ្ឋកម្ពុជាត្រូវបានឆ្លុះបញ្ជាំងតាមរយៈលទ្ធផលនៃការបោះឆ្នោត ដែលបុគ្គលគ្រប់រូបត្រូវតែគោរពតាម។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ គូតែរ៉េស បានពន្យល់ថា ជោគជ័យនៃវិញ្ញាសារខាងលើត្រូវវាស់ស្ទង់ ដោយប្រើប្រាស់មាត្រដ្ឋាននៃភាពប្រសើរឡើងក្នុងជីវភាពរបស់ពលរដ្ឋ មិនមែនផ្អែកលើការបញ្ចេញអារម្មណ៍វិនិច្ឆ័យឡើយ។

លោកបន្តថា របៀបវារៈទី១០នេះ គួរដើរតួនាទីស្នូលក្នុងការលើកកម្ពស់កិច្ចពិភាក្សាប្រកបដោយការគោរព ស្តីពី ឧត្តម្មានុវត្តន៍សកលពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ការបំពានរបៀបវារៈនេះ ក្នុងគោលបំណងស្វែងរកពិន្ទុនយោបាយ គួរតែត្រូវជៀសវាង ប្រសិនបើយើងទាំងអស់គ្នាប្រាថ្នាចង់រក្សាការពារនូវសុចរិតភាព និងភាពអាចជឿទុកចិត្តបានខ្ពស់បំផុតរបស់ស្ថាប័នសិទ្ធិមនុស្សមួយនេះ៕