(ភ្នំពេញ)៖ អាជីវករ និងប្រជាពលរដ្ឋ ដែលចេញចូលដើម្បីទិញឥវ៉ាន់ បន្លែ ត្រីសាច់ គ្រឿងហូបចុក និងសម្ភារប្រើប្រាស់នៅផ្សារច្បារអំពៅ និងផ្សារបន្លែ មានការយល់ដឹងច្រើន ជុំវិញការបង្ការទប់ស្កាត់ជំងឺ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ដោយបងប្អូនប្រជាពលរដ្ឋ និងអាជីវក ស្ទើរតែមួយរយភាគរយទៅហើយ ដែលបានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត «៣កុំ និង៣ការពារ» ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ក្នុងសកម្មភាពចុះផ្សព្វផ្សាយ ណែនាំ និងចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងផ្សារច្បារអំពៅ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់អាជីវករនៅក្នុងផ្សារច្បារអំពៅ បានថយចុះប្រមាណជា២០ទៅ៣០ភាគរយ។

ចំណែកអតិថិជនដែលចេញចូលផ្សារ ក៏បានថយចុះប្រមាណជា៦០ទៅ៧០ភាគរយផងដែរ។ ការថយចុះនៃអតិថិជននេះលោក គួច ចំណាន បានបញ្ជាក់ថា ដោយសារតែបងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើន ជុំវិញការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដោយមិនចេញចូលផ្សាររហេតរហូតដូចមុន។

មានន័យថា បើពួកគាត់មានការចាំបាច់ ទើបពួកគាត់មកទិញឥវ៉ាន់ បើមិនចាំបាច់ ពួកគាត់មិនមកផ្សារនោះទេ។ ដោយឡែកចំពោះវិធាននៃការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងប្រជាពលរដ្ឋ និងអាជីវករ អនុវត្តបានយ៉ាងល្អ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ពោលគឺ ប្រជាពលរដ្ឋសឹងតែមួយរយភាគរយទៅហើយ បានពាក់ម៉ាស បាញ់អាកុល វាស់កំដៅនិងរក្សាគម្លាតសុវត្ថិភាព។

លោកបញ្ជាក់ថា បើទោះបីបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើនជុំវិញបញ្ហានេះក៏ដោយ ក៏គណៈកម្មការផ្សារនៅតែបន្តការផ្សព្វផ្សាយ ការណែនាំ ការបាញ់អាកុល ការវាស់កំដៅ និងការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់ដូវីដ Stop Covid នៅតាមច្រកសំខាន់ៗផងដែរ។

ដោយឡែកបើតាមការបញ្ជាក់ពីលោក សាន ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅវិញ បានបញ្ជាក់អោយដឹងនៅពេលចុះផ្សព្វផ្សាយ ណែនាំ និងចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងផ្សារនៅព្រឹកថ្ងៃទី២៤ ខែមីនានេះដែរថា សម្រាប់ផ្សារបន្លែច្បារអំពៅ អាជីវករ និងប្រជាពលរដ្ឋចេញ ចូលផ្សារ មិនសូវជាមានការថមថយប៉ុន្មាននោះទេ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដោយសារតែបន្លែ ត្រីសាច់ គ្រឿងហូបចុក ជាតម្រូវការចាំបាច់ប្រចាំ ថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែក្រោយពីមានមនុស្សស្លាប់ ដោយជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករ មានការថយចុះប្រមាណជា ៣០ភាគរយ។

លោកបញ្ជាក់ទៀតថា ជុំវិញការបង្ការទប់ស្កាត់ជំងឺ-១៩នេះ គឺគណៈកម្មការផ្សារបានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ និងណែនាំឲ្យអាជីវករនិងប្រជាពលរដ្ឋពាក់ម៉ាស បាញ់អាកុល វាស់កំដៅ និងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់ដូវីដ Stop Covid នៅតាមច្រកចេញចូលក្នុងផ្សារផងដែរ ដោយចាប់ផ្ដើមអនុវត្តពីម៉ោង៦ ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ដោយសារតែផ្សារនេះ លក់តែមួយព្រឹកប៉ុណ្ណោះ៕