(ភ្នំពេញ)៖ សមត្ថកិច្ច បានអំពាវនាវដល់អ្នកដែលធ្លាប់បានទៅ ឬធ្លាប់មានការពាក់ព័ន្ធជាមួយម៉ាស្សាដោយបុរសនៅហាង «GANESH» មានទីតាំង ផ្ទះលេខ ២២Z ផ្លូវលេខ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ សូមទៅយកសំណាកពិនិត្យសុខភាព រកជំងឺកូវីដ១៩ និងដាក់ខ្លួននៅដាច់ដោយឡែក។

ការអំពាវនាវបែបនេះ បន្ទាប់ពីហាងម៉ាស្សា «GANESH» នេះ មានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ ក្នុងសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវ អ្នកសង្ស័យកូវីដ បានគូសបញ្ជាក់ថា អ្នកដែលត្រូវទៅយកសំណាក ពិនិត្យសុខភាពនេះ គឺសម្រាប់អ្នកចេញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ។

សមត្ថកិច្ចបានអំពាវនាវយ៉ាងដូច្នេះថា «យើងខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវាម៉ាស្សាដោយបុរស ឬធ្លាប់ហៅបុគ្គលិក ម៉ាស្សា នៅហាងខាងក្រោមនេះ ទៅផ្ដល់សេវានៅខាងក្រៅ»។

អ្នកមានអការៈទាំងនេះ អាចទៅយកសំណាកនៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឥតគិតថ្លៃ។

សមត្ថកិច្ច ក៏បានអំពាវនាវដល់អ្នកបានចូលក្នុងហាងម៉ាស្សានេះ ហើយមិនទាន់ចេញរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរយៈពេល១៤ថ្ងៃ៕