(ភ្នំពេញ)៖ អង្គការចំនួន៣ នៅកម្ពុជារួមមានអង្គការរួមមាន៖ អង្គការមនុស្សចាស់កម្ពុជា, អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (អង្គការធីភីអូកម្ពុជា) និងអង្គការបុត្តាភិបាល ដើម្បីវឌ្ឍនសង្គមកម្ពុជា បានទទួលទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ ដោយក្នុងមួយអង្គការទទួលបានថវិកា២ម៉ឺនដុល្លារ បានពីការរៃអង្គាសកម្មវិធីតាំងពិព័រណ៍ស្ដីពី «សិល្បៈនៃការចែករំលែក» ធ្វើឡើងនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន។

នេះជាដំណាក់កាលទីមួយ នៃការប្រគល់ថវិកាសប្បុរសធម៌ ដែលរៃអង្គាសបាន ក្នុសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២១ ហើយនឹងបន្តទទួលថវិកា ដែលសេសសល់បន្ថែមទៀត ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ស្របទៅតាមតម្រូវការ សកម្មភាពជាក់ស្តែង របស់អង្គការនីមួយៗ។

យោងតាមអ្នករៀបចំកម្មវិធី ការប្រគល់ថវិកាជាដំណាក់កាលបែបនេះ ជួយរក្សានិរន្តរភាពថវិកា សម្រាប់អង្គការ និងផ្តល់ប្រយោជន៍ ដល់សហគមទទួលផលបានយូរអង្វែង។

សូមជម្រាបថា កាលពី៣ខែមុនលោកស្រី ជា សិរី និងកញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស ជាម្ចាស់ស្នាដៃសិល្បៈ បានផ្តួចផ្តើមរៀបចំការតាំងពិព័រណ៍សប្បុរសធម៌ «សិល្បៈនៃការចែករំលែក» នេះឡើង ដើម្បីចែករំលែកសារវិជ្ជមានអំពី ការបន្តមានក្តីសង្ឃឹម និងសាមគ្គីភាព នៅក្នុងពេលវេលាដ៏លំបាក និងតានតឹងនេះ។ ផ្ទាំងគំនូរសិល្បៈរបស់វិចិត្រការនី ទាំងពីរសរុបជាង២០ផ្ទាំង ត្រូវបានដាក់តាំងពិព័រណ៍ ជាសាធារណៈអស់រយៈពេលជិតពីរខែ នៅសារមន្ទីរស.ស.រ និងលើបណ្តាញសង្គម។

រហូតមកមកដល់ពេលនេះ ស្នាដៃគំនូរទាំងអស់ ដែលបានដាក់តាំងត្រូវបានលក់ដាច់ ឬត្រូវគេដេញថ្លៃយក ដែលជាប្រភពមួយផ្នែកធំនៃថវិកា ដែលយកមកបរិច្ចាគ ដល់អង្គការទទួលផលទាំង៣ក្នុងថ្ងៃនេះ។

យោងតាមអ្នករៀបចំកម្មវិធី ការតាំងពិព័រណ៍សប្បុរសធម៌ «សិល្បៈនៃការចែករំលែក» ជាការជោគជ័យដ៏លើសលុប និងលើសការរំពឹងទុកទាំងអស់។

លោកស្រី ជា សិរី បានឲ្យដឹងថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែលបានឃើញភាពជោគជ័យ នៃការតាំងពិព័រណ៍ សិល្បៈនៃការចែករំលែក និងការគាំទ្រដ៏លើសលុប ពីបងប្អូនទាំងអស់គ្នា។ យើងផ្តួចផ្តើមការតាំងពិព័រណ៍នេះឡើង ដើម្បីជាប្រយោជន៍ដល់សង្គម និងបំផុសស្មារតីសាមគ្គីភាព ខ្ញុំអាចនិយាយបានថា យើងសម្រេចគ្រប់គោលដៅទាំងអស់ ទាំងការរៃអង្គាសថវិកា និងការចែករំលែកសាររបស់កម្មវិធីនេះ»

លោកស្រីបានថ្លែងបន្ដថា «ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះបងប្អូនពូមីងទាំងអស់ ដែលបានចូលមើលការតាំងពិព័រណ៍ដោយផ្ទាល់ ឬលើបណ្តាញសង្គម បានជួយទិញគំនូរ ឬវត្ថុអនុស្សាវរីយ៍ បានបរិច្ចាគជាថវិកា និងបានបង្ហាញការគាំទ្រចំពោះកម្មវិធីនេះ»

កញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស បានឲ្យដឹងថា «ខ្ញុំមានក្តីរំភើបដោយបានឃើញបងប្អូនគាំទ្រ និងផ្តល់ក្តីស្រឡាញ់ ចំពោះការតាំងពិព័រណ៍ សិល្បៈនៃការចែករំលែក យ៉ាងច្រើនបែបនេះ។ វាជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ថា យើងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានជាច្រើន នៅពេលយើងរួមសាមគ្គីគ្នាដោយសុច្ឆន្ទៈ មិនថាកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ថវិកាដែលរៃអង្គាសបានពី ការលក់គំនូរជាដើមនឹងត្រូវប្រើប្រាស់ ដើម្បីជួយគាំទ្រសកម្មភាពអង្គការ ទទួលផលទាំង៣ដូចអ្វីដែលបានគ្រោងទុក»។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិរបស់អង្គការធីភីអូ ដែលជាអង្គការក្នុងវិស័យសុខភាពផ្លូវចិត្ត បានឲ្យដឹងថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោកជំទាវ ជា សេរី និងកញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស ដែលបានផ្តួចផ្តើមរៀបចំការតាំងពិព័រណ៍ សិល្បៈនៃការចែករំលែក នេះឡើងដើម្បីរៃអង្គាសថវិកា សម្រាប់គាំទ្រអង្គការក្នុងស្រុក។ នៅក្នុងគ្រាដ៏លំបាកនេះ វាពិតជាសំខាន់ណាស់ដែលយើងត្រូវរួមគ្នា និងជួយគ្នាទៅវិញទៅមក ហើយខ្ញុំសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងក្លាយជាគំរូមានឥទ្ធិពលមួយ ហើយមនុស្សជាច្រើននឹងដើរតាមគំរូនេះ ដើម្បីបង្កើតប្រយោជន៍ជាក់ស្តែង ក្នុងផ្នែកជាច្រើននៃសង្គមជាតិរបស់យើង»

លោក ឆាយ វីវូឌីន នាយកប្រតិបត្តិនៃអង្គការបុត្តាភិបាល ដើម្បីវឌ្ឍនសង្គមកម្ពុជា បានថ្លែងថា «អង្គការយើងខ្ញុំពិតជាមានកិត្តិយស និងរីករាយដែលត្រូវបានជ្រើសរើស ជាអង្គការទទួលផលមួយរបស់កម្មវិធីតាំងពិព័រណ៍ សិល្បៈនៃការចែករំលែក។ ថវិកាសប្បុរសធម៌ដែលរៃអង្គាសបាន តាមរយៈការតាំងពិព័រណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រប្រតិបត្តិការ និងសកម្មភាពរបស់អង្គការយើងខ្ញុំ»

លោកបានបន្ថែមថា «ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យសម្រាប់យើងខ្ញុំ តែនៅមានអង្គការក្នុងស្រុកជាច្រើន ដែលកំពុងធ្វើការលើគម្រោងមានសារសំខាន់នានា ហើយត្រូវការជំនួយ និងការគាំទ្រ។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានសប្បុរសជនរៀបចំសកម្មភាពបែបនេះ ឲ្យបានកាន់តែច្រើនទៅមុខទៀត»

លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានឲ្យដឹងថា «ការតាំងពិព័រណ៍សប្បុរសធម៌នេះ មិនត្រឹមតែបានគៀងគរមូលនិធិ ដ៏មានតម្លៃសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាញ ការចាប់អារម្មណ៍បន្ថែមទៀត លើជីវភាពរបស់ក្រុមប្រជាជនងាយរងគ្រោះ នៅពេលវេលាមួយដ៏លំបាកដូចសព្វថ្ងៃនេះ។ ថវិកាដែលយើងទទួលបានថ្ងៃនេះ នឹងចូលរួមចំណែកយូរអង្វែង ក្នុងការគាំទ្រអង្គការមនុស្សចាស់កម្ពុជា និងជនចាស់ជរាដែលយើងកំពុងផ្តល់ជំនួយ ហើយខ្ញុំមិនមានអ្វីក្រៅពី ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នករៀបចំការតាំងពិព័រណ៍ និងបងប្អូនទាំងអស់គ្នាដែលបានគាំទ្រយើងខ្ញុំ និងកម្មវិធីនេះ»