(ព្រះសីហនុ)៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងមក ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ) ដែលកន្លងមកបងប្អូនបានប្រើប្រាស់ កម្រាលថ្មក្រានីត និងសាងសង់ជាតូបលក់នៅលើ ចិញ្ចើមផ្លូវសាធារណៈ បោះចោលសំរាម បង្ហូរកាកសំណល់ ប្រេងម៉ាស៊ីននៅលើចិញ្ចើមផ្លូវ និងថ្មក្រានីតជាផ្លូវថ្មើរជើង ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងសោភណ្ឌភាពទីក្រុង។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចំពោះការចុះរៀបចំរបស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ យើងសង្កេតឃើញថា មានបុរសម្នាក់ជាជាងប៉ះកង់ បានធ្វើការតវ៉ា ជេរប្រមាថ ព្រមទាំងបើប្រាស់ដាវសាំម៉ូរ៉ៃគម្រាមកាប់ មកលើក្រុមការងាររដ្ឋបាល ក្រុងព្រះសីហនុដែលបានចុះណែនាំដោយសន្តិវិធីថែមទៀត។

លោកចោទជាសំណួរថា តើឥរិយាបថរឹងរូស ការជររប្រមាថ និងប្រើប្រាស់អាវុធ (ដាវកាំបិត) គំរាមកាប់សម្លាប់នេះ សាកសមជាប្រជាពលរដ្ឋស្លូតត្រង់ ដែលគួរឱ្យអាណិត ដូចអ្វីដែលបងប្អូនមួយចំនួនតូច បានបង្ហោះនៅលើបណ្តាញសង្គម ហើយថែមទាំង បានចោទប្រកាន់ មកលើអាជ្ញាធរថាជញ្ជក់ឈាម ប្រជាពលរដ្ឋទៅវិញ ទាំងដែលអស់លោកមិននៅក្នុងហេតុការណ៍នេះផង តើមនោគមន៍វិជ្ជា និងតម្លៃសីលធម៌របស់អស់លោក វាមានកម្រិតប៉ុនណា?

សូមបញ្ជាក់ថា បុរសខាងលើ កន្លងមកត្រូវបានក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ណែនាំជាច្រើនលើកច្រើនសាររួចមកហើយ ថែមទាំងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ដី ចំណីផ្លូវបន្តទៀតផងដែរ។

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកអាជ្ញាធរបានចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ) គឺមានបងប្អូនប្រជាពលរដ្ឋរបស់យើងមួយ ចំនួនតូចទេ ដែលបានប្រើប្រាស់ ចិញ្ចើមផ្លូវ និងកម្រាលថ្មក្រានីត ដាក់តាំងទំនិញលក់ដូរ ហើយពួកគាត់បានចូលរួមសហការ ដោយបានរើចេញពីលើចិញ្ចើមផ្លូវ និងកម្រាលថ្មក្រានីត ដើម្បីទុកលទ្ធភាព ឱ្យបងប្អូនក្រុមការងារអនាម័យក្រុងចូលទៅប្រមូលសំរាម និងលាងសម្អាតភក់ជ្រាំ ប្រេងម៉ាស៊ីន ប្រឡាក់លើថ្មក្រានីតនៅតាមទីតាំងទាំងនោះឱ្យបានស្អាត។

អាជ្ញាធរ ខំប្រឹងរៀបចំ ថែទាំ សម្អាត ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងមិនលើកទឹកចិត្តអ្នក ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ៕