(ភ្នំពេញ)៖ បរិក្ខារតេស្តរកមេរោគកូវីដ-១៩ ខ្នាតធំមួយគ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នាដើមខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

តាមរយៈ Facebook ផ្លូវការ, ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បរិក្ខារតេស្តរកមេរោគកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ»។

បើតាមស្ថានទូតចិន, បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកមេរោគ របស់ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះ នឹងត្រូវបានបញ្ជូនមកកាន់ទីនោះ។ ប្រការនេះ នឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកមេរោគកូវីដ១៩ ជួយសន្សំថវិកាទប់ស្កាត់នឹងមេរោគនេះ ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងមេរោគនេះ អាចអនុវត្តកាន់តែល្អប្រសើរ។

ដំណឹងនៃការប្រកាសផ្តល់ បរិក្ខារតេស្តរកមេរោគកូវីដ-១៩ ខ្នាតធំមួយគ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន មករាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា សម្តែងក្តីរីករាយយ៉ាងខ្លាំង។ ពួកគាត់បាន Comment នៅលើ Facebook ស្ថានទូតចិន ដោយបានកោតសរសើរ និងថ្លែងអំណរគុណចិន ដែលតែងតែជួយកម្ពុជា គ្រប់កាលៈទេសៈទាំងអស់។

សូមជម្រាបថា ចិន បានជាប់ឈ្មោះជាប្រទេសមួយ ដែលផ្តល់ជំនួយជាច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា។ ក្នុងបរិបទកូវីដ-១៩នេះដែរ ចិនក៏បានផ្តល់ជំនួយ វ៉ាក់សាំងស៉ីណូហ្វាមរបស់ខ្លួន ដល់កម្ពុជា ១លានដូសឯណោះ ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។

គិតត្រឹមយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សម្រាប់នៅខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ ចំនួន ១៩៥នាក់ ក្នុងនោះកំពុងសម្រាកព្យាបាល ៧៧នាក់។ នេះបើតាមការបញ្ជាក់ ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ប្រាប់បណ្តាញព័ត៌មាន Fresh News ៕