(សៀមរាប)៖ ជារៀងរាល់ឆ្នាំចន្លោះខែកុម្ភៈ ឬខែមីនា ប្រជាពលរដ្ឋនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប តែងតែផ្តើមប្រមូលផលផ្លែម៉ាក់ប្រេងម៉ាក់ប្រាំង ដែលដុះនៅដីភូមិតាមដងស្ទឹងសៀមរាប ចាប់ពីខាងត្បូងស្ពាននាគបន្តិច។ ដោយឡែកនៅឆ្នាំ២០២១នេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ផ្លែម៉ាក់ប្រេងម៉ាក់ប្រាំងមិនមានច្រើនដូចរាល់ឆ្នាំទេ ហើយអ្នកលក់ក៏មានតិចដែរ។

អ្នកស្រី ប៉ាត់ សុខលី មានអាយុ ៤១ឆ្មាំ ដែលកំពុងលក់ផ្លែម៉ាក់ប្រេងម៉ាក់ប្រាំងនៅមុខផ្ទះ បានរៀបរាប់ថា ផ្ទះរបស់អ្នកស្រីមានដើមផ្លែឈើនេះជាង ១០ដើម ដុះច្រើនឆ្នាំមកហើយ គឺតាំងពីជីដូនជីតារបស់គាត់មកម៉្លេះ។ អ្នកស្រីមិនដឹងពីអាយុដើមនេះទេ ហើយវាក៏មិនងាយដាំនោះដែរ តែបើដាំវារស់មិនងាយងាប់ដូចដើមឈើដទៃនោះទេ។ តាមការរៀបរាប់របស់អ្នកស្រី សុខលី ដើមម៉ាក់ប្រេងម៉ាក់ប្រាំងចាប់ផ្តើមផ្លែផ្កាពីខែធ្នូមក ហើយវាទុំល្មមបេះលក់ប្រហែលខែកុម្ភៈ ឬខែមីនា រីឯការបេះលក់វិញ មានរយ:ពេលជាង១ខែ។

អ្នកស្រីបន្ថែមទៀតថា ឆ្នាំមុនៗអ្នកស្រីប្រមូលផលផ្លែម៉ាក់ប្រេងម៉ាក់ប្រាំង បានច្រើនគួរសម ហើយការលក់ដូរវិញ បានថ្លៃតាមផ្លែតូចផ្លែធំ។ ឆ្នាំនេះវិញ ការប្រមូលផលមិនបានល្អប្រសើរទេ ដោយសារអាកាសធាតុ មិនអំណោយផល មិនសូវមានភ្លៀង វាក៏មិនមានផ្លែផ្កាល្អដែរ។

រីឯអ្នកស្រី ឌឹម ចាន់ណា អាយុ ៣៨ឆ្នាំ អ្នកលក់ផ្លែម៉ាក់ប្រេងម៉ាក់ប្រាំងដែរនោះ បានប្រាប់ថា អ្នកស្រីមិនមានដើមវានៅបរិវេណផ្ទះទេ តែតែងឬម៉ាវផ្លែពីអ្នកភូមិគេមកលក់ជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃអ្នកស្រី ចាន់ណា ប្រាប់ថា លក់បានចន្លោះ ៨ពាន់រៀល ទៅ ១២,០០០រៀល។ យ៉ាងណាអ្នកស្រីថា ឆ្នាំនេះលក់មិនសូវបានច្រើនដូចមុនៗទេ គឺត្រឹម ៣ ទៅ ៥គីឡូក្រាមប៉ុណ្ណោះ ខណៈឆ្នាំទៅលក់បានក្នុងមួយថ្ងៃជាង ១០គីឡូក្រាមក៏មាន។ អ្នកស្រី ចាន់ណា យល់ថា ដោយសារអំឡុងពេលនេះ ប្រជាពលរដ្ឋមិនសូវមានលុយច្រើដូចមុនៗ។

អតិថិជនមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា រាល់ឆ្នាំឱ្យតែដល់រដូវផ្លែម៉ាក់ប្រេងម៉ាក់ប្រាំង គាត់តែងមកទិញនៅទីនេះ យកទៅឱ្យក្រុមគ្រួសារ ព្រោះផ្លែនេះធម្មជាតិពិតៗ ហើយមួយឆ្នាំមានតែម្តងទេ មិនដូចផ្លែឈើដទៃ ដែលលក់តាមផ្សារ ឬទីសាធារណៈផ្សេងៗ មានលក់រាលខែរាល់ឆ្នាំមិនដឹងគេយកមកណាទេ។

លោកបន្តថា ប្រសិនបើយើងមានលុយទិញផ្លែឈើយកមកហូប ក៏គួរគិតដល់សុខភាពដែរ។ ពិតណាស់ថា ផ្លែឈើជួយឱ្យសុខភាពយើងល្អ ប៉ុន្តែបើផ្លែឈើដែលគេដាក់ថ្នាំវិញ រិតតតែធ្វើឱ្យសុខភាពយើងទ្រុឌទ្រោមទៅវិញ៕