(ព្រះសីហនុ)៖ កម្មករប្រមូលសំរាមនៅស្រុកព្រៃនប់ម្នាក់ បានគៀបដៃជាមួយរថយន្ដពេលប្រមូលសំរាម បណ្ដាលឲ្យដាច់ដៃខាងស្ដាំមួយកំណាត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។

កម្មករប្រមូលសំរាមរូបនេះ ត្រូវបានគេស្គាល់ថាឈ្មោះ ទួច ទីន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ហើយការរងគ្រោះថ្នាក់នេះ ខណៈកំពុងប្រមូលសំរាមលើកដាក់រថយន្តសំរាម ត្រូវរថយន្តសំរាមគៀបដាច់ដៃតែម្ដង នៅចំណុចជិតប្រជុំជនផ្សាវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមសេចក្ដីរាយការណ៍ ក្រោយកើតហេតុ ជនរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឃ្លីនិកឯកជនវាលរេញ ដោយស្ថានភាពធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចសង្គ្រោះដើម្បីតដៃឲ្យជនរងគ្រោះបានវិញនោះទេ៕