(ពោធិ៍សាត់)៖ ស្រីម្នាក់ដែលបានវាយយ៉ាងដំណំទៅលើកូនស្រីរបស់ខ្លួនអាយុ ៧ឆ្នាំ ហើយត្រូវបានបែកធ្លាយវីដេអូឃ្លីបតាមបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅផ្ទះភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ។

នគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា អំពើហិង្សានោះបង្កឡើងដោយម្តាយ ឈ្មោះ វ៉ែន សុធន់ អាយុ២៦ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ មានមុខរបរជាកម្មការិនីកាត់ដេរ នៅរោងចក្រកាត់ដេរ តៃអ៊ីហ្សី។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ ឈឿន ណារី អាយុ៧ឆ្នាំ ត្រូវជាកូន រៀនថ្នាក់ទី២ និងមានឪពុកចុងឈ្មោះ នី សាំង អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៨៖០០នាទីព្រឹក ក្មេងស្រីរងគ្រោះបានយកលុយចំនួន ២,០០០រៀល ទៅទិញទឹកខ្នុរ កាឡុកចំនួន ៤ដប ចែកបងប្អូនផឹក។ ពេលមកដល់ផ្ទះ ម្តាយ ក៏បានសួរនាំកូន។ រួចកូនបានឆ្លើយប្រាប់ថា មកពីទិញទឹកខ្នុរក្រឡុក ស្រាប់តែម្តាយស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដី បណ្តាលឲ្យជនរងគ្រោះ រងរបួសគ្រាំខាងក្នុងខ្លួន។

បច្ចុប្បន្នស្ត្រីបង្ក ត្រូវបានសមត្ថកិច្ចស្រុកក្រគរ ធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ម្សិលមិញ តាមបញ្ជាររបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធី៕