(កណ្តាល)៖ លោក ស៊ុន វុទ្ធី អនុប្រធានចល័តឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងភូមិចាមក្រោមតំណាងលោកឧត្តមសេនីយ៍ឯក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី បានក្រើនរំឮកដល់មន្ត្រីមូលដ្ឋាន និងយុវជនសូមចូលរួមផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងឱ្យពួកគាត់បានជ្រួតជ្រាបពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩នេះ។

ការក្រើនរំឮកបែបនេះ របស់លោក ស៊ុន វុទ្ធី បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសនោះបានអញ្ជើញប្រកាសតួនាទីមេភូមិថ្មី និងសំណេះសំណាលជាមួយប្រជាការពារភូមិ យុវជន ស.ស.យ.ក ឃុំ។

ក្នុងឱកាសនោះដែរលោក បានថ្លែងថា ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាអនាម័យខ្លួនប្រាណ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» ដើម្បីឱ្យជៀសឆ្ងាយ និងចូលរួមទប់ស្កាត់ជំងឺកាចសាហាវមួយនេះ មិនឱ្យឆ្លងរាតត្បាតចូលក្នុងសហគមន៍។

លោក ស៊ុន វុទ្ធី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ពិសេសលោកឧត្តមសេនីយ៍ ចៅតុល ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ចំពោះមន្រ្តីថ្នាក់មូលដ្ឋាន យុវជន និងប្រជាពលរដ្ឋដោះស្រាយបញ្ហា និងការលំបាកខ្វះខាតបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកបានផ្តាំផ្ញើដល់មេភូមិដែលទើបប្រកាសថ្មី ត្រូវខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអស់ពីកម្លាំងកាយចិត្ត ព្រោះថាមន្រ្តីជាអ្នកបម្រើរាស្រ្ត និងមែនជាចៅហ្វាយនាយនោះទេ។

អនុប្រធានក្រុមការងាររូបនេះ ក៏បានសំណេះសំណាលជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំចាមក្រោម ដោយប្អូនៗជាយុវជនស្ម័គ្រចិត្តមានតួនាទីយ៉ាងសំខាន់ក្នុងមូលដ្ឋាន ក្នុងការជួយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងធ្វើយ៉ាងណាជួយផ្នែកប្រាជ្ញា ស្មារតី បណ្តុះគំនិតយុវជនផ្សេងទៀត ដើម្បីជាការចូលរួមចំណែកជួយដល់សង្គមគ្រួសារ និងសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្តទៀត។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនាពេលនេះ លោក ស៊ុន វុទ្ធី បានឧបត្ថម្ភប្រជាការពារ១៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូ ត្រីខ២យួរ ថវិកា៥ម៉ឺនរៀល យុវជន ស.ស.យ.ក ឃុំចំនួន ២៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល មេភូមិថ្មី-ចាស់ អនុភូមិ និងអ្នកចូលរួមទទួល ៥ម៉ឺនរៀល ផងដែរ៕