(តាកែវ)៖ លទ្ធផលធ្វើតេស្តលើកទី២ លើប្រជាពលរដ្ឋចំនួនជាង១០០នាក់ បានប៉ះពាល់ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ក្នុងពិធីមង្គលការក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺសុទ្ធតែអវិជ្ជមានកូវីដ១៩ទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ។

លោក កេត ម៉ៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋស្រុកសំរោង ខេត្តតាកែវ ដែលបានប៉ះពាល់ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ក្នុងមង្គលការនៅឃុំរវៀង ដែលបានធ្វើតេស្តមានចំនួនជាង៩០នាក់ សុទ្ធតែទទួលបានលទ្ធផលអវិជ្ជមាន លើកទី២។ ចំពោះការធ្វើតេស្តរកកូវីដ១៩ លើកទី៣ នឹងត្រូវធ្វើនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

លោក កេត ម៉ៅ បានបញ្ជាក់ថា «យើងកំពុងរង់ចាំការវិភាគសំណាកលើកទី៣បន្តទៀត ដែលគ្រោងនឹងធ្វើនៅថ្ងៃសុក្រចុងសប្តាហ៍នេះ សង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញ និងសូមឲ្យបងប្អូន បន្តការពារដោយអនុវត្តន៍នៅវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីចូលរួមកាត់ផ្តាច់ការចម្លងចូលសហគមន៍ ក្នុងការឈានទៅបិទបញ្ចប់ នៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបានឆាប់»

ក្រៅពីប្រជាពលរដ្ឋក្នុងស្រុកសំរោង ខេត្តតាកែវ ជាង៩០នាក់ ដែលបានធ្វើតេស្ត ក៏មានប្រជាពលរដ្ឋស្រុកបាទី ខេត្តតាកែវជាង៣០នាក់ទៀត បានប៉ះពាល់ក្នុងពិធីមណ្ឌលការផងដែរ ដោយលទ្ធផលតេស្តលើកទី២ សុទ្ធតែអវិជ្ជមានកូវីដ១៩ ដូចគ្នា។ នេះបើតាមការបញ្ជាក់របស់លោក ឆាយ កែវមុន្នី អធិការស្រុកបាទី ប្រាប់បណ្តាញព័ត៌មាន Fresh News។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុគ្គល កក្កដា សោភ័ណ្ឌ បានមកចូលរួមពិធីមង្គលការមិត្តភក្តិរបស់ខ្លួន នៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលពិធីបង្គលការនេះ។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលលទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩។

បន្ទាប់ពីទទួលបានដំណឹងវិជ្ជមាននេះ អាជ្ញាធរខេត្តតាកែវ បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ជិត៤០០នាក់ ដោយបិទភូមិរបស់ប្រជាជន និងកំណត់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពផងដែរ៕