(បន្ទាយមានជ័យ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនមេខ្យល់ម្នាក់ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ករណីលួចនាំពលករខ្មែរចំនួន១៦នាក់ ក្នុងនោះមានកុមារ ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ជនសង្ស័យជាមេខ្យល់មានឈ្មោះ តេង តុញ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកបានបន្តថា នៅវេលាម៉ោង១១៖៣០នាទីយប់ កម្លាំងចម្រុះបានចុះល្បាតនៅតាមព្រំដែន ក៏បានឃាត់គោយន្តកន្ត្រៃ ដឹកពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន១៦នាក់ ស្រីចំនួន៦នាក់ ក្នុងនោះកុមារ១នាក់ មកពីខេត្តព្រៃវែង ៥នាក់ ខេត្តឧត្តរមានជ័យ ៧នាក់ ខេត្តបន្ទាយមានជ័យ ៤នាក់ និងកុមារ១នាក់ ត្រង់ចំណុចចំការស្វាយចន្ទី ខាងកើតផ្លូវជាតិលេខ៥៨ ចម្ងាយ៥០០ម៉ែត្រ ខាងជើងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានធ្វើការដកហូតវត្ថុតាងមធ្យោបាយដឹកជញ្ជូនគោយន្តកន្ត្រៃ១គ្រឿង រួចនាំមកសួនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។

តាមចម្លើសារភាពរបស់ឈ្មោះ តេង តុញ ថាខ្លួនបានដឹកពលករឱ្យទៅឈ្មោះពឺន ពេត ជាមេខ្សល់លួចនាំឆ្លងដែនទៅប្រទេសថៃចំនួន ១០លើកមកហើយដែលមានពលករសរុបចំនួន ១៣៤នាក់ ហើយដឹកក្នុង១លើក ឈ្មោះ ពឺន ពេត ឱ្យតម្លៃ១លើក ពី៥០០បាតទៅ ១,០០០បាត តាមមនុស្សតិច ឬច្រើន ហើយលើកទី១០នេះ ខ្លួនដឹកពលករចំនួន១៦នាក់ កុមារម្នាក់តម្ លៃ១,០០០បាត ចំណែកពលករម្នាក់ត្រូវឈ្មោះ ពឺន ពេត មេខ្យល់នោះយកតម្លៃ ៤,០០០បាត ទៅដល់ដីថៃ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួ នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថាជនសង្ស័យឈ្មោះ តេង តុញ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ចំពោះជនសង្ស័យជាមេខ្យល់ឈ្មោះ ពឺន ពេត នគរបាលស្រុកស្វាយចេក កំពុងតាមប្រមាញ់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់៕