(កណ្ដាល)៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម នៅភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យមានឈ្មោះ ហៀង ហេង ហៅខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ ជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម ត្រូវបាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកយី វណ្ណដា ជាអធិការក្រុងរ ដឹកនាំកម្លាំងចុះឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានបណ្តឹងពីសំណាក់ប្រជាពលរដ្ឋ។

ជនរងគ្រោះឈ្មោះ វាសនា សុផា ភេទស្រី អាយុ២៧ឆ្នាំ មានមុខរបរនៅផ្ទះស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មាន បានរៀបរាប់ដំណើររឿងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោរបន្ទប់ផ្ទះជួលទុកចោល ក៏ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពគាស់។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនសង្ស័យចំនួន០១នាក់ នៅវេលាយប់ជ្រៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់សោរបន្ទប់នោះពិតប្រាកដមែន ហើយយកបានទូរទស្សន៍១ មួយគ្រឿង យកទៅលក់ឱ្យអ្នកទិញអេដចាយ បានលុយ ៥០ដុល្លារ យកលុយស៊ីចាយលេងល្បែងអស់ទៅ លុះមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៤៖៣០នាទីយប់ ក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ស្រាវជ្រាវចាប់ខ្លួនបានតែម្តង៕