(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ គួរយកចំណេះជំនាញដែលមាន ដើម្បីមកធ្វើការនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងស្រុកវិញ ជៀសវាងបន្តការធ្វើចំណាកស្រុក ពីព្រោះទីផ្សារពលកម្មក្នុងស្រុក កំពុងតែត្រូវការបងប្អូន ក្រោយពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ចំនួន១១៨នាក់ ហើយត្រូវបាននឹងកំពុង ដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអុំ ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានថ្លែងថា នេះគឺជាព្រលប់ទី៣ហើយ ដែលលោកបានចុះជាបន្តបន្ទាប់ ដើម្បីចង់ដឹងពីសុខទុក្ខ និងបញ្ហាប្រឈម ប្រជាពលរដ្ឋ នៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ជាក់ស្តែងនាព្រលប់ថ្ងៃទី១៩ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទួលគ្រួស ស្ថិតក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ចំនួន៨៦នាក់, នាព្រលប់ថ្ងៃទី២០ ម្សិលមិញ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាកំពែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ចំនួន១៦២នាក់ និងនាព្រលប់ថ្ងៃទី២១នេះ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអុំ ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន១១៨នាក់។

ក្នុងឱកាសនោះដែរ បានណែនាំដល់ពលករទាំងអស់ សូមប្រកាន់ភ្ជាប់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងចូលសហគមន៍របស់យើង។

លោកអភិបាលខេត្ត បានជម្រាបជូនពីការរីកចម្រើនលើគ្រប់វិស័យ និងសមិទ្ធផលសម្រេចបាននៅក្នុងខេត្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត តស៊ូរហូតទទួលបានសុខសន្តិភាពមកទល់បច្ចុប្បន្ន។

ជាមួយគ្នានោះ លោក ម៉ៅ ធនិន ក៏បានជម្រាបជូនបន្ថែម អំពីការតម្រូវការទីផ្សារពលកម្ម នៅតាមក្រុមហ៊ុន សហគ្រាស និងរោងចក្រ ដែលមាននៅក្នុងខេត្ត ជាពិសេសក្រោយពីស្ថានភាពជំងឺកូវីដបានធូរស្បើយ។

លោកក៏បានចាត់ឱ្យថ្នាក់ដឹកនាំ មន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តពោធិ៍សាត់ ត្រូវធ្វើការជាមួយបងប្អូនយើង ដើម្បីឱ្យពួកគេមានឱកាស យកចំណេះជំនាញដែលពួកគេមាន អាចមកធ្វើការនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្តយើងបាន ជៀសវៀងការធ្វើចំណាកស្រុកទៅក្រៅប្រទេសបន្តទៀត និងសូមកុំឱ្យមានការផ្លាស់ប្តូរលេខទូរស័ព្ទដែល កំពុងតែប្រើនេះ។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បាននាំយកវត្ថុកំដរដៃ ផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១១៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន មី១កេស ទឹកសុទ្ធ៥ដប ត្រីខ១យួរ និងនំមួយកញ្ចប់ស្មើ ២គីឡូក្រាម ផងដែរ៕