(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិបង្ក្រាបមុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានដងផ្លូវ ចំនួន៦នាក់ ក្រោយធ្វើសកម្មភាពបានមួយដង្ហើមចង្រិត។

ការចាប់ខ្លួនជនសង្ស័យទាំង៦នាក់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អាត ស្រីកា អាយុ១៧ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សម្ភារបាត់រួមមាន ខ្សែកផ្លាទីនចំនួន១ខ្សែ ទម្ងន់៧ជី បន្ដោងមានត្បូងពេជ្រតំលៃជិត២,០០០ដុល្លារ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភ័ក្រជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៦នាក់ខាងលើ ជិះម៉ូតូ០៣គ្រឿងធ្វើសកម្មភាពឆក់ខ្សែកជនរងគ្រោះបានសម្រេចរួចគេចខ្លួន។

ពេលនោះជនរងគ្រោះ ដេញតាមពីក្រោយស្រែកចោរៗ ក៏មានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី ល្បាតក្បែរនោះដេញតាមដល់ក្នុងដីឡូត៍ក្បែរនោះ ក៏ជនសង្ស័យដួលម៉ូតូជ្រុះបាត់ខ្សែកជនរងគ្រោះមិនដឹងនៅកន្លែងណា រួចជនសង្ស័យបានលោតចូលក្នុងទឹកបឹងក្រោយមក ក៏បានសុំកម្លាំងអន្តរាគមន៍ព្រហ្មទណ្ឌខណ្ឌ ចុះសហការរយៈពេល១ម៉ោងទើបឃាត់ខ្លួនបាន។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធី៕