(ភ្នំពេញ)៖ ទឹកអាកុលជាច្រើនប៊ីដុង ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រធានផ្សារទាំងអស់ យកទៅប្រើប្រាស់ក្នុងការចូលរួមចំណែកបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង ដោយក្នុងមួយផ្សារៗ ទទួលបានអាកុលចំនួន ៦ប៊ីដុង។

ជុំវិញការរាតត្បាតជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បើតាមប្រធានផ្សារនីមួយៗ បានរាយការណ៍ជូនអភិបាលរាជធានីភ្នំពេញថា មានផ្សារមួយចំនួនបានថយចុះទាំងអាជីវករ និងអ្នកចូលទិញទំនិញ ប្រមាណ ៥០ភាគរយ ផ្សារខ្លះទៀតថយចុះប្រមាណ ៤០ភាគរយ ដោយសារតែពួកគេខ្លាចឆ្លងកូវីដ-១៩។

ចំណែកអាជីវករវិញ ដោយមិនសូវមានអ្នកចូលទិញក៏បានបង្ខំចិត្តបិទតូបតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការណែនាំរបស់លោក ឃួង ស្រេង ប្រធានផ្សារទាំងអស់ បានប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺការតម្រូវឲ្យពាក់ម៉ាស បាញ់អាកុល វាស់កំដៅ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ នៅតាមច្រកចេញ ចូលផ្សារ ពិសេសគឺការអនុវត្ត៣កុំ និង៣ការពារ។

ក្នុងពិធីប្រគល់និងទទួលនោះ លោក ឃួង ស្រេង បានណែនាំដល់ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ ពេលវិលត្រឡប់ផ្សារវិញយកអាល់ទាំងនេះទៅបាញ់ជូនប្រជាពលរដ្ឋចូលផ្សារ និងអាជីវករទាំងឡាយនៅក្នុងផ្សារ ហើយបន្តអប់រំណែនាំគាត់ឱ្យអនុវត្តវិធានការសុខាភិបាលមានលាងដៃ និងសាប៊ូ អាល់កុល ជែល ពិសេសអនុវត្តវិធានការ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួន៕