(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ អមដំណើរដោយអស់លោក លោកស្រីជាអនុរដ្ឋលេខាធិការ មន្ត្រីរាជការដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារឃុំនានាក្នុងស្រុកចិត្របុរី បានចុះទៅជួបមន្ត្រីមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋប្រមាណ ៥០នាក់ ក្នុងភូមិព្រែកតាអាំ នៃឃុំបុសលាវ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំភូមិ ដែលនឹងក្លាយទៅជាបេក្ខជន សម្រាប់ក្រុមប្រឹក្សាឃុំធ្វើការបោះឆ្នោតជ្រើសតាំងជាផ្លូវការជាមេភូមិ អនុភូមិ និងសមាជិកភូមិថ្មីគឺ ភូមិពោធិ ជាភូមិបង្កើតថ្មីដោយបំបែកចេញពីភូមិព្រែកតាអាំ ស្របតាមប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។

ការចុះមូលដ្ឋានដើម្បីរៀបចំបង្កើតភូមិថ្មីមួយនេះ ដែលជាដំណើរការសាកល្បងជាគំរូសម្រាប់កន្លែងដទៃទៀត ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្នុងបរិវេណវត្តពោធិរង្សី ស្ថិតក្នុងភូមិពោធិ ឃុំបុសលាវ ដោយមានការចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយអស់លោក លោកស្រីជាអភិបាលរងខេត្ត អភិបាលស្រុកចិត្របុរី មន្ត្រីរាជការខេត្ត ព្រមទាំងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត។

បន្ទាប់ពីដំណើរការស្ទាបស្ទង់មតិ លើបេក្ខភាពអ្នក ដែលមានសក្តានុពលទាំង ៩រូប រួចមក ឆ្លៀតឱកាសក្នុងពេលជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់ជាមួយប្រជាពលរដ្ឋនេះផងដែរ គួបផ្សំជាមួយការផ្សព្វផ្សាយ បច្ចុប្បន្នភាពសភាពការណ៍ប្រទេសជាតិ ជាពិសេសស្ថានភាពជម្ងឺកូវីដ១៩ចុងក្រោយនេះ លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានពាំនាំនូវសារអំពាវនាវ ជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងជំនឿរឹងមាំ នៃកំលាំងសាមគ្គីប្រជាជាតិទាំងមូល ដើម្បីចូលរួមចំណែកយ៉ាងសកម្ម ប្រយុទ្ធយកឈ្នះកូវីដ១៩ សម្រាប់បន្តបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ជាយូរអង្វែងតរៀងទៅ៕