(កំពង់ធំ)៖ បន្ទាប់ពីសន្យាជាមួយប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក រួចមក លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ក៏បានកសាងផ្លូវលំមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋខាងលើតាមការសន្យា ខណៈការកសាងផ្លូវលំដ៏សំខាន់មួយនេះជិតសម្រចបានទាំងស្រុងហើយ។

ជាក់ស្ដែង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ លោក ថោង ខុន បានដឹកនាំក្រុមការងារត្រួតពិនិត្យការងារនៅតាមការដ្ឋានកសាងផ្លូវខាងលើ និងបានពិគ្រោះជាមួយអាជ្ញាធរក្នុងការរៀបចំយន្តការថែទាំផ្លូវបន្តទៅទៀតផងដែរ។

សាវតានៃការឈានដល់ការកសាងផ្លូវនេះ គឺដំបូងឡើយ លោកបានសន្យាជាមួយប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ថានឹងជួយកសាងផ្លូវលំមួយខ្សែភ្ជាប់ពីភូមិគោកត្របែកមកទំនប់ករះ ខណៈពីទំនប់ករះមកកាន់ផ្លូវជាតិលេខ៦ គឺមានផ្លូវលំតភ្ជាប់មួយខ្សែដែរ ដែលមានប្រវែង ១៣ គីឡូម៉ែត្រ។ ដូច្នេះបើសរុបប្រវែងផ្លូវទាំងពីរកំណាត់នេះ គឺមានប្រវែង ២៥ គីឡូម៉ែត្រ។ ភូមិគោកត្របែកនេះទៀតសោត គឺជាភូមិដាច់ស្រយាលមួយដែលនៅជិតបឹងទន្លេសាប ក្បែរព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។

ក្រោយមានការសន្យាជាមួយប្រជាពលរដ្ឋខាងលើរួចហើយ លោក ថោង ខុន បានចាត់ក្រុមការងារគ្រឿងចក្រសម្ដេចតេជោដែលប្រចាំការនៅ «មណ្ឌលអភិវឌ្ឍន៍ ហ៊ុន សែន ទី៥» ចុះកសាងភ្លាម។ គិតមកដល់ពេលនេះ ការកសាងផ្លូវលំខាងលើបានចំណាយរយៈពេល ២ ឆ្នាំមកហើយ ខណៈការងារក៏ជិតសម្រេចបាន ១០០% ហើយ។ ផ្លូវលំមួយខ្សែនេះទៀតសោត គឺមានប្រវែងប្រមាណ ១១ គីឡូម៉ែត្រ និងមានទទឹង ៩ ម៉ែត្រ ក្នុងនោះក៏មានលូទទឹងផ្លូវ និងប្រឡាយទឹកនៅទន្ទឹមជាមួយគ្នាផងដែរ។

បើតាមលោក ថោង ខុន នៅពេលផ្លូវនេះសម្រេចការសាងសង់ផ្លូវលំនេះហើយ វានឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ទាំងអ្នកធ្វើដំណើរទៅពីឃុំស្រឡៅ ក៏ដូចជាប្រជាពលរដ្ឋដែលមកពីភូមិគោកត្របែកជាដើម ពិសេសគឺនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ស្រូវ ផលដំណាំ ត្រី-សាច់ របស់របរអីវ៉ាន់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ។

លោកថា តាមរយៈសមិទ្ធផលផ្លូវនេះ នឹងធ្វើឱ្យភូមិគោកត្របែកលែងជាតំបន់ដាច់ស្រយាលទៀតហើយ។ ក្រៅពីជួយសម្រួលមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូន ប្រឡាយដែលអមនៅជាមួយផ្លូវនោះ ក៏នឹងដើរតួជាប្រព័ន្ធធារាសាស្ត្រស្រោចស្រពដល់ដីកសិកម្មរបស់ប្រជាកសិករទៀតផង។

ក្នុងពេលជួបដោយចៃដន្យជាមួយលោក ថោង ខុន ក្នុងពេលចុះត្រួតពិនិត្យការងារនោះ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ប្រជាកសិករ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានបង្ហាញនូវការសប្បាយរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលផ្លូវលំនេះ ដោយពួកគាត់រំពឹងទុកថា ផ្លូវដ៏មានសារសំខាន់នេះនឹងជួយសម្រួលដល់ការរស់នៅ ការប្រកបមុខរបរ ពិសេសនឹងជួយជំរុញជីវភាពបានមួយកម្រិតទៀតផងដែរ៕