(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តំណាងឲ្យរាជរដ្ឋាភិបាល បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារតារាចម្រៀងជើងចាស់លោក ហូរ ឡាវី ចំពោះមរណភាពរបស់លោកស្រី ងួន សុផាន្នី ដោយសារជំងឺកូវីដ១៩ និងក្រុមគ្រួសាររបស់លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ព្រមទាំងចូលរួមបុណ្យសពថវិកាចំនួន៥លានរៀលក្នុងមួយសព។

នេះបើតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលប្រាប់បណ្តាញព័ត៌មាន Fresh News។

នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល នឹងនាំយកថវិកាទៅចូលរួមបុណ្យសព ដែលកំពុងរៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន។ ក្រៅពីថវិកាចូលរួមបុណ្យសពរបស់ក្រសួងសុខាភិបាលតំណាងឲ្យរាជរដ្ឋាភិបាល, ដោយឡែកខាងសាលារាជធានីភ្នំពេញ ក៏នឹងនាំយកនូវថវិការបស់សម្តេចតេជោ ហ៊ុន សែន និងទេយ្យទានមួយចំនួនទៅចូលរួមបុណ្យសពផងដែរ។

សូមបញ្ជាក់ថា អ្នកស្រី នួន សុផាន្នី ភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។អ្នកស្រី នួន សុផាន្នី ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ អ្នកស្រី បានឆ្លងជំងឺនេះ ពីកូនស្រី គឺកញ្ញា វី ដាណែត។

ដោយឡែកលោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន អាយុ ៤៦ឆ្នាំ មានលំនៅឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាមន្ត្រីនរគបាលបម្រើការងារនៅក្រសួងមហាផ្ទៃ បានទទួលមរណភាពល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕