(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកកើតជំងឺកូវីដ ៣នាក់ទៀត នៅ៣កន្លែងផ្សេងគ្នា និងមានអ្នកពាក់ព័ន្ធចំនួន៤នាក់ផ្សេងទៀត (ស្រីម្នាក់) ផងដែរ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបញ្ជាក់ថា ក្រុមការងាររដ្ឋបាលខណ្ឌ និងក្រុមការងារក្រសួងសុខាភិបាល បានបន្តការរកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ លើបុរសអាយុ១៨ឆ្នាំ ស្ត្រីអាយុ៥៦ឆ្នាំ និងកុមារាអាយុ៦ឆ្នាំ (ឆ្លងពីម្ដាយ) ព្រមទាំងបានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) និងរកឃើញមានអ្នកពាក់ព័ន្ធចំនួន៤នាក់ផ្សេងទៀត តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅកន្លែងកើតហេតុ តាមវិធានការក្រសួងសុខាភិបាល។

ដោយឡែកទីតាំងទាំង៣កន្លែង ត្រូវបានបិទឃ្លុំបេបណ្ដោះអាសន្ន ស្ថិតនៅបន្ទប់ជួល ផ្លូវបេតុង ភូមិមិត្តភាព និងនៅបន្ទប់ជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឬស្សីកែវ និងស្ថិតនៅបន្ទប់ជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ជាចុងក្រោយ លោក ជា ពិសី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចងចាំកុំភ្លេចការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការក្រសួងសុខាភិបាល «៣ការពារ-៣កុំ-២ចូលរួម» ដែលជាសារផ្ដាំផ្ញើដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានអត្ថន័យដូចខាងក្រោម៖

*៣ការពារគឺ៖

ទី១-ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។
ទី២-ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ។
ទី៣-ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។

*៣កុំមានន័យថា៖

ទី១-កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។
ទី២-កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣-កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។

*២ចូលរួម៖

ទី១-ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់ប្រឆាំងកូវីដ-១៩ និងទី២-គឺចូលរួមប្រើ QR Code stop covid ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍យើង។

លោកអភិបាលខណ្ឌឫស្សីកែវថា វិធានការ «៣ការពារ-៣កុំ-និង២ចូលរួម» គឺជាអាវក្រោះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារខ្លួនយើង, ក្រុមគ្រួសារយើង និងសហគមន៍យើង គឺដើម្បីខ្លួនយើង,ដើម្បីគ្រួសារយើង និងដើម្បីប្រទេសជាតិយើង កុំឲ្យឆ្លងជម្ងឺកូវីដ-១៩៕