(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយលោកស្រី អស់លោកជាប្រធាន អនុប្រធានក្រុមការងារឃុំទាំង៩ បានចុះទៅជួបប្រជុំលើកទឹកចិត្តដល់មន្ត្រីអាជ្ញាធរមូលដ្ឋានស្រុក ការិយាល័យសុខាភិបាល និងមន្ទីរពេទ្យបង្អែកស្រុកដែលកំពុងប្រកៀកស្មារួមគ្នាប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលរាលដាលចេញពីព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ»។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់អស់លោកជាប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកស្រុក និងអស់លោកជាមេឃុំទាំងអស់ក្នុងស្រុកបាភ្នំ។

ក្រោយពីបានចូលរួមយោបល់លើរបាយការណ៍របស់អភិបាលស្រុក និងប្រធានការិយាល័យសុខាភិបាលស្រុកអំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងការធ្វើចត្តាឡីស័កមុខសញ្ញាពាក់ព័ន្ធ និងការព្យាបាលអ្នកឆ្លងវិជ្ជមានជម្ងឺកូវីដ១៩ម្នាក់ រួចមក អង្គប្រជុំបានប្តេជ្ញាបន្តជម្រុញសកម្មភាពខ្លាំងក្លាថែមទៀតចូលរួមជាមួយគណៈកម្មាធិការជាតិដើម្បីរួមគ្នាប្រយុទ្ធឱ្យឈ្នះកូវីដ១៩ សំដៅគ្រប់គ្រងស្ថានការណ៍រាតត្បាតនៃជម្ងឺឆ្លងដ៏កាចសាហាវនេះឱ្យបានយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា មកទល់ពេលនេះ ក្នុងស្រុកបាភ្នំមានអ្នកជម្ងឺកូវីដ១៩ម្នាក់ ដែលបានឆ្លងមេរោគវិជ្ជមានពីគ្រូពេទ្យនៃគ្លីនិកឯកជន «អ៉ឹម សុភី» អ្នកលឿង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងមានមុខសញ្ញាសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលចំនួន ៤២នាក់ទៀត ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងអគារអនុវិទ្យាល័យឈើកាច់ ព្រមទាំងមុខសញ្ញាចត្តាឡីស័កចំនួន ៣២នាក់ផ្សេងទៀត ដែលជាពលករចំណាកស្រុកទើបត្រឡប់មកពីខេត្តព្រះសីហនុ និងពីប្រទេសថៃ។

ក្រុមការងារស្រុកបានឧបត្ថម្ភថវិកាចំនួន ៤លាន ៥សែនរៀល និងទឹកយែលលាងដៃដបធំចំនួន ៩៦ដប ដល់អ្នកជម្ងឺ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក៕