(បន្ទាយមានជ័យ)៖ រសៀលថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយទទួលបានការដាក់ទិសដៅ និងការណែនាំពីសំណាក់លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំនៅចំណុចបឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងកំពុងបន្តប្រចាំការដឹកនាំអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ លោក ប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងាររួមមានលោក គង់ បញ្ញារិទ្ធ និងលោក ជុំ វណ្ណៈ ដើរចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដើម្បីចែកម៉ាស់ និងផ្សព្វផ្សាយអំពីវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ចកុំភ្លេចខ្លួន ព្រោះជំងឺកូវីដ-១៩ មិនដែលភ្លេចនរណាម្នាក់ឡើយ ប្រសិនបើយើងធ្វេសប្រហែស។

ក្នុងឱកាសនោះ លោក ប៉ាន់ ខែមវឌ្ឍនា សមាជិកលេខាសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ក្នុងកាលៈទេសៈនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី លោកបានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដោយចំណាយកម្លាំងកាយចិត្តហត់នឿយណាស់ ដើម្បីធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទទួលបានការគាំពារចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបង្កការភ័យខ្លាចនៅលើពិភពលោក។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំប្រទេសយើង ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋម្នាក់គ្រប់រូបត្រូវតែមានម្ចាស់ការលើខ្លួនឯង និងត្រូវមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ហើយត្រូវធ្វើយ៉ាងណាឱ្យប្រាកដខ្លួនឯងថា ខ្លួនយើងមិនមែនជាភ្នាក់ងារចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍នោះឡើយ។ ហើយយើងត្រូវតែប្រកាន់ខ្ជាប់ និអនុវត្តឱ្យបានល្អប្រសើរតាមអនុសាសន៍ណែនាំដ៏មានតម្លៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីអំពីវិធានការដ៏មានប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺ ៣ការពារ និង៣កុំ
ក/ ៣ការពារ៖
១-ពាក់ម៉ាស់
២-លាងដៃ
៣-រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតបុគ្គល ចាប់ពី១,៥ម៉ែត្រឡើងទៅ។

ខ/៣កុំ៖
១-កុំចូលទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក
២-កុំទៅកន្លែងដែលមានមនុស្សច្រើន
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ៕