(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅប្រគល់ជូនគ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីលំនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អំណោយទាំងអស់នេះត្រូវបានលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដឹកនាំក្រុមការងារចុះយកទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន មន្ដ្រីនៃនាយកដ្ឋានអក្សរសម្ងាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រោយទទួលបានព័ត៌មានថា លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន បានទទួលមរណភាពដោយជំងឺកូវីដ-១៩។

អំណោយដែលលោក ឯក ឃុនដឿន យកទៅប្រគល់ជូននាឱកាសនោះ រួមមាន ថវិកាចំនួន ៥,០០០,០០០រៀល, អង្ករ១៥០គីឡូក្រាម, មី៣កេស, ទឹកត្រី៣យួរ, ទឹកស៉ីអ៉ីវ៣យួរ, ទឹកសុទ្ធ៣កេស និងគ្រឿងឧបភោគបរិភោគ។ បន្ថែមពីនេះ លោកក៏បានណែនាំឲ្យក្រុមគ្រួសារជនរងគ្រោះបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាលផងដែរ ពិសេសវិធានការ ៣ការពារ និង៣កុំ។

សូមជម្រាបថា រហូតដល់ពេលនេះ មានអ្នកជំងឺ ៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩៖

*ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
*ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
*ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១,៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់៕