(ភ្នំពេញ)៖ ជាដំណឹងមួយដ៏រីករាយសម្រាប់បេសកកម្មដ៏ពិសេសរបស់ក្រុមគ្រូពេទ្យ ដោយបានប្រឹងប្រែងមើលថែ និងជួយវះកាត់សម្រាលកូនជូនស្ត្រីជនជាតិចិន កើតជំងឺកូវីដ១៩ម្នាក់ រហូតទទួលបានជោគជ័យ។

យោងតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានឱ្យដឹងថា ស្ត្រីជនជាតិរូបនេះ ត្រូវបានក្រុមគ្រូពេទ្យវះកាត់សម្រាលកូនជូននៅវេលាម៉ោង ១៥៖៣០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ បើតាមលោក ងី ម៉េង ទារក ដែលបានវះកាត់សម្រាលនេះមានទម្ងន់ ៣គីឡូក្រាម និងមានសុភាពល្អផងដែរ។

ប្រភពបន្តថា ស្រ្តីជនជាតិចិន ដែលត្រូវបានវះកាត់សម្រាលកូននៅថ្ងៃនេះ បានដាក់ចូលឱ្យសម្រាកពេទ្យកាលពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១។ គាត់ត្រូវបានធ្វេីការតាមដានសុខភាពទាំងម្តាយ និងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងឆ្មបនៅផ្នែកសម្ភព ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ប្រភពដដែលបន្ថែមថា ជោគជ័យនេះមិនអាចកាត់ផ្តាច់ឡើយ ពីការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តរចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានសមាគគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីត-១៩។

ការប្រឹងប្រែងជួយវះកាត់សម្រាលកូនជូនស្ត្រីជនជាតិចិនកើតជំងឺកូវីដ១៩រូបនេះ ត្រូវបានគេវាយតម្លៃ និងឆ្លុះបង្ហាញឱ្យឃើញនូវឆន្ទៈ និងស្មារតីនៃការទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យលើបេសកកម្មវិជ្ជាជីវៈរបស់ខ្លួន។ បើទោះបីស្ថិតក្នុងដំណាក់ដ៏លំបាកនៃរាតត្បាតជំងឺកូវីដ១៩ក្តី តែពួកគាត់មិនបានរាថយ និងបំពេញវិជ្ជាជីវៈរបស់ខ្លួនរហូតដល់ជោគជ័យ៕