(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំកម្ពុជា ដែលមានលោកស្រី LEON Lorida-Sereipheap នាយកគ្រប់គ្រង ជាតំណាង។

កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital ក្នុងការអភិវឌ្ឍសូហ្វវែរ «កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស» (Khmer Fastype Tool) ដើម្បីសម្រួលដល់ការសរសេរអត្ថបទជាភាសាខ្មែរ ក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ (Microsoft Office)។

បន្ទាប់ពីបញ្ចប់ការអភិវឌ្ឍ អ្នកប្រើប្រាស់អាចដំឡើងកម្មវិធីនេះ ជាអនុកម្មវិធីនៅក្នុងសូហ្វវែររដ្ឋបាល របស់ម៉ៃក្រូសូហ្វ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទ ជាភាសាខ្មែរ ក្នុងកិច្ចការរដ្ឋបាលប្រចាំថ្ងៃ ឲ្យបានកាន់តែឆាប់រហ័ស ចំណេញពេលវេលាច្រើន និងបានត្រឹមត្រូវ តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដោយអាចស្នើពាក្យ ឬឃ្លាបន្ទាប់ ដែលធ្លាប់បានប្រើប្រាស់ច្រើនកន្លងមក។

ភាគីទាំងពីរ កំពុងសិក្សាពីលទ្ធភាពក្នុងការបញ្ចូលតួនាទី ត្រួតពិនិត្យអក្ខរាវិរុទ្ធ (Spelling Check) ជាភាសាខ្មែរ ក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វផងដែរ៕