(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យសិក្សា និងវាយតម្លៃគម្រោងជួសជុលកែលម្អស្ពានដែកប្រភេទបាឡេ មួយកន្លែងហៅថា ស្ពានចិន ស្ថិតក្នុងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ដើម្បីជួសជុលឲ្យល្អឡើងវិញ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក។

លោក ជាវ តាយ បានបញ្ជាក់ថា ស្ពាននេះមានសារៈសំខាន់ និងភាពចាំបាច់ណាស់ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ទៅស្រែចំការ ក៏ដូចជាការដឹកជញ្ជូនកសិផល និងរថយន្តដឹកជញ្ជូនប្រភេទធំ និងតូចផ្សេងៗ យ៉ាងច្រើនជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ន ស្ពានមួយនេះចាស់ទ្រុឌទ្រម បាក់បែកធ្លុះធ្លាយ នៅលើផ្ទាំងកម្រាលផ្ទៃស្ពាន ដែលនាំឲ្យពិបាកដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់ លើស្ពាននេះ របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអភិបាលស្រុកទឹកឈូ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយអ្នកពាក់ព័ន្ធ បើកកិច្ចប្រជុំមួយបន្ទាន់ ដើម្បីសហការគ្នា សិក្សាវាយតម្លៃពីគម្រោង និងពិនិត្យលទ្ធភាពលើការជួសជុលកែលម្អ ដោយធ្វើយ៉ាងណាជាការចាំបាច់ ត្រូវធ្វើការជួសជុលកែលំអរស្ពាននេះ ឲ្យបានសម្រេច ឆាប់រហ័សតាមស្តង់ដារ និងបទដ្ឋានបច្ចេកទេស។

គួរបញ្ជាក់ថា ស្ពានដែកបាឡេ ហៅថា ស្ពានចិន គឺមានបណ្តោយ ៤២ម៉ែត្រ ទទឹង៧ម៉ែត្រ ត្រូវបានសាងសង់ឡើង កាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនម៉ៅការសាងសាង របស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ (Sinohydro) តភ្ជាប់ឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង នៃស្រុកទឹលឈូ។ ក្រោយការងារសាងសង់វារីអគ្គិសនីចប់ បានប្រគល់ឲ្យអាជ្ញាធរ ជាអ្នកគ្រប់គ្រង ជួសជុល ថែទាំ ប្រើប្រាស់ជាសាធារណៈរហូតដល់បច្ចុប្បន្ននេះ៕