(ស្ទឹងត្រែង)៖ ក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត ចុះទៅកាន់ភូមិសាស្រ្តភូមិអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីនាំយកក្រុមគ្រួសារដែលមានប្តីផ្ទុកជំងឺកូវីដ-១៩ មកធ្វើចត្តាឡីស័ក និងយកសំណាកវិភាគទៅពិនិត្យនៅវិទ្យាជាតិប៉ាស្ទ័រ រាជធានីភ្នំពេញ។

បើតាមលោកវេជ្ជបណ្ឌិត ទន វុទ្ធី បានឱ្យដឹងថា ក្រោយទទួលបានការជូនដំណឹងពីក្រុមការងារថ្នាក់ជាតិស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ថា មានអ្នកជំងឺម្នាក់ឈ្មោះ ម៉ៅ នេលយ៉ាស ភេទប្រុស អាយុ៣០ឆ្នាំ បានធ្វើសំណាកវិភាគរកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខេមីនា ហើយបានទទួលលទ្ធផលនៅថ្ងៃទី១៨ ម្សិលមិញ ថាមានផ្ទុកជំងឺកូវីដ-១៩ ក្រុមការងារថ្នាក់ជាតិស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានធ្វើការស្រាវជ្រាវដឹងថាបុរសម្នាក់នេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានមកលេងប្រពន្ធកូន នៅខេត្តស្ទឹងត្រែង។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងករណីនេះប្រសិនបើបុរសដែលផ្ទុកជំងឺកូវីដ-១៩នេះ គាត់បានឆ្លងជំងឺកូវីដ-១៩ មុនថ្ងៃទី៦ ដែលគាត់មកលេងប្រពន្ធកូនគាត់នោះ គឺប្រពន្ធកូនគាត់ ស្ថិតក្នុងស្ថានភាពឆ្លងកម្រិតខ្ពស់ តែប្រសិនបើបុរសនេះ ឆ្លងកូវីដ -១៩ ក្រោយគាត់ត្រឡប់ទៅភ្នំពេញវិញ នោះគ្រួសារគាត់មានស្ថានភាពទាប។

តែទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ទន វុទ្ធី គូសបញ្ជាក់ថា៖ «គឺយើងរង់ចាំលទ្ធផលសំណាកវិភាគរបស់ក្រុមគ្រួសារបុរសនេះ ដែលក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត បានបញ្ជូនទៅធ្វើវិភាគនៅវិទ្យាស្ថានជាតិប៉ាស្ទ័ រួចរាល់ហើយ»

សូមបញ្ជាក់ថាបច្ចុប្បន្ន អ្នកជំងឺឈ្មោះ ម៉ៅ នេលយ៉ាស ត្រូវជាប្តីមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងសម្រាក់ព្យាបាលសណ្ឋាគារ THE Great Duke នៅរាជធានីភ្នំពេញ ក្រុមគ្រួសារប្រពន្ធកូនគាត់ ត្រូវបានយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលកម្រិត២ ស្ថិតក្នុងមន្ទីរពេទ្យខេត្តស្ទឹងត្រែង ដើម្បីរង់ចាំលទ្ធផលផងដែរ៕